ភ្នំពេញ ៖ បុរសម្នាក់ជាក្រឡាបញ្ជី ជិះម៉ូតូ PCX មួយគ្រឿង ឃេីញរថយន្តមួយគ្រឿងបត់ចេញមក ក៏មានចិត្តឈប់ម៉ូតូ ចុះទៅជួយបញ្ចៀសចរាចរណ៍កុំស្ទះឲ្យបេីកទៅផុត កុំឲ្យទេីសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បេីករថយន្ត TACOMA មួយគ្រឿងទៀត មកឈប់រថយន្តស្រវឹងស្រាធ្លាក់ភ្នែក
ហេីយចុះមកសំឡុតថា (ហ៊ែងចេះស្អី) រួចក៏រុញម៉ូតូឲ្យដួល ទេីបឈានដល់កេីតមានការឈ្លោះប្រកែកគ្នា រំខានដល់ការដេកពួនរបស់ប្រជាពលរដ្ឋ បេីកទ្វារចេញមកចោមរោមមើលព្រោងព្រាត
និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ទាំងយប់។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អេីលបានកេីតឡេីងនៅវេលាម៉ោង២២:៤០នាទី ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ ផ្លូវបេតុងគ្មានលេខ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃេីញ បុរសម្នាក់ទំនងជាស្រវឹងស្រាជោកជាំ បានបេីករថយន្តមួយគ្រឿង ប្រភេទមួយបាំងកន្លះ ម៉ាក TOYOTA TACOMA ពណ៍សបិតពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-5737 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុង ក្រោយវត្តស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀត(មិនចាំម៉ាក) បានបេីកចេញមក ហេីយឃេីញបុរសម្នាក់ ជិះម៉ូតូ PCX មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GR-1659 មកឈប់ម៉ូតូអែបពីក្រោយ រួចចុះដេីរទៅជួយបញ្ចៀសឲ្យបេីកទៅផុត កុំអោយទេីសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បេីករថយន្ត TACOMA មួយគ្រឿងទៀត បែរជាខឹងមិនបានទៅមុន ទេីបឈប់រថយន្ត ហេីយចុះមកសំឡុតថា (ហ៊ែងចេះស្អី) រួចក៏រុញម៉ូតូ PCX នោះឲ្យដួល ទេីបឈានដល់កេីតមានការឈ្លោះប្រកែកគ្នាឡេីង បង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ ទេីបនាំគ្នាបេីកទ្វារចេញមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកជួយអន្តរាគមន៍ទាំងយប់។
ក្រោយមកគេឃេីញសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកកន្លែងកើតហេតុ ហេីយបានសួរនាំភាគីទាំងសងខាង និងបងប្អូនប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ ហេីយភាគីទាំងសងខាងនៅតែប្រកែកគ្នា ដោយម្ខាងអាងខ្លួនជាក្រឡាបញ្ជីសាលាដំបូងរាជធានី និងម្ខាងអាងមានខ្នងធំ ទេីបឡាំប៉ាមិនសុខចិត្តរៀងខ្លួន បង្កការភ្ញាក់ផ្អើលកាន់តែខ្លាំងឡេីង រហូតមានក្រុមអ្នកសារព័ត៌មានជាច្រេីននាក់មកដល់បន្តបន្ទាប់គ្នា ហេីយបានសួរនាំឲ្យភាគីខាងម្ចាស់ម៉ូតូរៀបរាប់ប្រាប់ពីដំណេីររឿងហេតុបានដឹងហេីយ ក៏នាំគ្នាទៅធ្វេីការសាកសួរ បុរសដែលស្រវឹងស្រា ជាអ្នកបេីករថយន្ត TACOMA នោះ តែបុរសនោះ ប្រាប់តែមួយម៉ាត់ពីម៉ាត់ ហេីយព្យាយាមដេីរគេចចេញបានបន្តិច ក៏មានបុរសម្នាក់ទៀតដែលអះអាងថាជាអ្នកស្គាល់គ្នាជាមួយម្ចាស់រថយន្តខាងលេី មករៀបរាប់ប្រាប់ថា ភាគីទាំងសងខាងសុទ្ធតែស្រវឹងរៀងខ្លួន ដូច្នេះហេីយទេីបបានជាពិបាកនិយាយគ្នាបែបនេះ។
ប្រភពបន្តថា ភ្លាមនោះបុរសដែលស្រវឹងស្រានោះ ដេីរត្រលប់មកវិញ រួចឡេីងបញ្ឆេះរថយន្ត ទោះជាសមត្ថកិច្ចព្យាយាមរារាំងឃាត់រថយន្តដែរ តែបុរសនោះមិនខ្វល់ឡេីយ បានជាន់ហ្គែរបេីករថយន្តចេញទៅកៀរទាំងសមត្ថកិច្ចនគរបាលដែលកំពុងរារាំងនោះស្ទេីដាច់ផ្ងារ តែមិនបណ្ដាលឲ្យរបួសនោះទេ ហេីយក៏បេីកចេញទៅលឿនស្លេវតែម្ដង។ ភ្លាមនោះក៏មានក្រុមអ្នកយកព័ត៌មានចេញម៉ូតូជិះប្រដេញតាមពីក្រោយដែរ តែដោយសារតែមិនសូវស្គាល់ផ្លូវក្នុងភូមិសាស្ត្រនេះច្បាស់ ទេីបរថយន្តបេីកទៅបាត់ស្រមោលឈឹង។
បច្ចប្បន្នក្រោយពេលកេីតហេតុ បុរសវ័យចំណាស់ដែលអះអាងថាខ្លួន ជាក្រឡាបញ្ជីនៅសាលាតំបូងរាជធានីភ្នំពេញ បានប្រាប់ថា លោកនិងយកវិដេអូសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព(Go Pro) ដែលភ្ជាប់លេីមួកសុវត្ថិភាពរបស់លោក យកមករៀបចំជាឯកសារ រួចទេីបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១នៅព្រឹកស្អែក៕ដោយ៖ ភារ៉ា ដង្កោ