រកឃើញថា ៩៣នាក់មានសារធាតុញៀន និង១៧ទៀតបញ្ជូនទៅតុលាការ ពាក់ព័ន្ធឃាត់មនុស្សជាង៤០៨នាក់នៅ «ក្លិបលុច្សសារី»

ចែករំលែក៖

ភ្នំពេញ លទ្ធផលបង្ហាញថា ក្នុងចំណោមមនុស្សទាំង៤០៨នាក់ បន្ទាប់ពីនគរបាលឃាត់ខ្លួននៅក្លិប លុច្សសារី យកទៅធ្វើពិសោធន៍ទឹកនោម មានមនុស្ស៩៣នាក់មានសារធាតុញៀន ខណៈមនុស្ស១៧នាក់ បញ្ជូនទៅកាន់តុលាការចាត់តាមច្បាប់ ពាក់ព័ន្ធការសម្រួលឲ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹប ។ មនុស្សទាំង១៧នាក់នេះ មានជនជាតិវៀតណាម៥នាក់ ។

ក្រោយបញ្ចប់ការសួរ និងធ្វើតេស្ដរយៈពេល ២ថ្ងៃមកនេះ លទ្ធផលចុងក្រោយ សមត្ថកិច្ចបានរកឃើញមនុស្សដែលមានសារធាតុញៀនក្នុងខ្លួនចំនួន៩៣នាក់ ក្នុងចំណោមមនុស្សទាំង ៤០៨នាក់ ដែលរងការចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿង​ញៀន នៅក្នុងក្លឹបកម្សាន្ដ «លុច្សសារី» នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាទាបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩កន្លងនេះ។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកមានសារធាតុញៀន៩៣នាក់ មានស្រី២៤នាក់ ក្នុងនោះ ជនជាតិបរទេស៣១នាក់ រួមមាន៖ ជនជាតិវៀតណាម១៤នាក់, ជនជាតិចិន១៤នាក់ , ជនជាតិសឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ ដោយក្នុង៣១នាក់នេះ មានស្រី១៤នាក់។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលរកឃើញសារធាតុ​ញៀនក្នុងខ្លួនសម្រាប់ជនជាតិខ្មែរ ទាំង៦២នាក់ ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការបន្សាប់គ្រឿងញៀន ខណៈជនបរទេស៣១នាក់ នឹងសុំគោលការណ៍ពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចាប់បញ្ជូនទៅប្រទេសកំណើតវិញ។

មន្ដ្រីនគរបាលរូបនេះ បានឲ្យដឹងទៀតថា សម្រាប់គ្រឿងញៀនវិញ សមត្ថកិច្ចរឹបអូសបានតែ ១៦២.៧ក្រាមប៉ុណ្ណោះ បូករួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

កាលពីម្សិលមិញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ «លុច្សសារី» ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅយប់​ឈាន​​ចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្សជាង ៤០០នាក់។

គួររំលឹកថា នៅវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់ ។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕ ដោយ ៖ ស សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print