ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបំបែកសំណុំរឿង ករណីកូនប្រកាសរកម្តាយដែលបាត់ខ្លួន ការណ៍ពិតជាករណីឃាតកម្ម មិត្ត ភក្តិកាប់សម្លាប់មិត្តខ្លួនឯងជាកង់ៗរួចយកទៅចោលនៅក្នុងទឹកទន្លេ ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាពសាព័ត៌មាននៅមុននេះបន្តិច ។
សពស្ដ្រីរងគ្រោះឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការចុះផ្សាយព័ត៌មានតាមរយៈហ្វេសប៊ុករបស់កូនសពស្ត្រីរងគ្រោះថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្រ្ត (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។
ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ ។
ចំពោះមូលហេតុដែលឈានដល់អំពើឃាតកម្មនេះ មន្ត្រីកងរាជអាវុធហត្ថនៅមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ខណៈមន្ត្រីកំពុងនាំខ្លួនយកទៅសួរនាំ ៕