យកកាំបិតកាប់ប្រពន្ធស្មានថាស្លាប់ ប្តីរត់យកកាំបិតអារកខ្លួនឯងស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តបាត់ដំបង បុរសជាប្តីម្នាក់ដោយសារតែការស្រឡាញ់ងប់ងុលខ្លាំងពេកធ្វើឲ្យសេចក្តីស្រឡាញ់នោះប្រែក្លាយជារឿងប្រច័ណ្ឌ រហូតបានយកកាំបិតចាក់លើប្រពន្ធខ្លួនឯងបំណង សម្លាប់ បណ្តាលរបួសធ្ងន់ធ្ងរហើយត្រូវបានសាច់ញាតិដឹកសង្គ្រោះនៅមន្ទីរពេទ្យ ។ នៅគ្រា នោះប្តីនឹកស្មានថាប្រពន្ធខ្លួនស្លាប់ ក៏បានរត់ចូលផ្ទះយកកាំបិតអារកខ្លួន បណ្តាលឲ្យស្លាប់មួយរំពេច ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង៤០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញអធិការឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានប្រើហិង្សាដោយ យកកាំបិតកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលអោយរបួសធ្ងន់ធ្ងរ ហើយ​ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥(ពពីរ)។ នៅពេលនោះប្ដីស្មានថាប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចអាករសម្លាប់ខ្លួនឯងតែម្ដងទៅ ។

តាមការបំភ្លឺរបស់ឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២០នាទី ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់តែឃើញឈ្មោះ រ៉ាត់ ចិត្រា (ជនសង្ស័យ) បានដើរមកផ្ទះរបស់ខ្លួន ហើយបានខ្ចីកាំបិត ។ គាត់ក៏សួរថា យកកាំបិតធ្វើអី​ ជនសង្ស័យប្រាប់ថា ខ្ចីយកធ្វើទូរសព្ទ័ រួចក៏ដើរមកជិតកាំជណ្ដើរផ្ទះ ធ្វើសកម្មភាពអារកខ្លួនឯងស្លាប់ភ្លាមៗតែម្ដងទៅ ។

សមត្ថកិច្ចនគរបាលជំនាញអធិការក្រុងបាត់ដំបងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាត យកកាំបិតអារកសម្លាប់ខ្លួនឯង ពុំពាក់ព័ន្ធរឿងឃាតកម្មនោះឡើយ ។ សមត្ថកិច្ចអះអាងថា មូលហេតុគឺបណ្ដាលមកពីការប្រច័ណ្ឌ ។

ចំពោះសព ក្រោយសមត្ថកិច្ចធ្វើកោសលវិច័យចប់ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print