ភ្នំពេញ៖ ទីតាំងបនល្បែងសុីងខុសច្បាប់ និងពាក់កណ្តាលស្របច្បាប់ បាននឹងបន្តបើកក្នុងដែនសមត្ថកិច្ចគ្រប់គ្រង លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ដ៏ព្រោងព្រាត រហូតដល់ប្រជាជន បុគ្គលិក មន្ត្រីរាជការ ភ្លាត់មាត់ថា៖ ទីតាំងបនល្បែងសុីសងខុសច្បាប់ទាំងនោះ នៅមិនឆ្ងាយពីក្រសែភ្នែកគណៈបញ្ជាការ ឯកភាពខណ្ឌនេះឡើយ។ គ្រាន់តែលោកមានវិធានការ ឆន្ទៈបង្ក្រាប ឬអាចរក្សាទុកជាផលប្រយោជន៍ណាមួយ, ឬពិបាកសម្រេចខណៈពាក់ព័ន្ធថ្នាក់លើ អ្នកមានអំណាចខ្លះសមគំនិតជាមួយក្រុមឈ្មួញល្មើសច្បាប់ទាំងនោះ..?
បើតាមសាក្សីបានឃើញពីទីតាំងល្បែងស៊ីសងខុសច្បាប់បានលួចបង្ហើបថា៖ ក្នុងខណ្ឌ ៧មករា មានច្រើនណាស់នូវប្រភេទបនល្បែងដែលត្រូវបង្ក្រាប គឺមានដូចជា៖កន្លែងកត់កន្ទុយលេខឆ្នោតវៀតណាម ក្នុងសង្កាត់វាលវង់ ស្ថិតនៅផ្ទះវេលុយទ្រូម៉ាន់នីផ្ទះលេខ៥៦A ផ្លូវលេខ១៤៣ និងផ្ទះគ្មានលេខក្នុងផ្សារសេរីភាពផ្លូវ១៣៧ ក្នុងនោះមានឈ្មោះ(រាជ)ជាអ្នកចេញមុខរត់ការចាយវាយទៅលើអាជ្ញាធរ សមត្ថកិច្ចថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន និងជាអ្នកបើកទីតាំងឆ្នោតវៀតណាមទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ តាមរយៈមានមេក្លោងរបស់គេម្នាក់នៅពីក្រោយខ្នង ទើបសមត្ថកិច្ចមិនហ៊ានទៅក្បែរ ។
ទីតាំងអិនធើណេត បង្កប់ល្បែងស៊ីសងភ្នាល់បាល់ចំនួន ៣ទីតាំងទៀត ស្ថិតនៅផ្ទះគ្មានលេខ ជាប់ហាង(វីហ្វ្រេន) ឋិតតាមបណ្ដោយផ្លូវ ១៥៦និងមួយកន្លែងទៀតស្ថិតនៅក្នុងអាគារបូរីកីឡាច្រកទ្វារទី៧យីហោ(24hours i-NET) ត្រូវបានគេស្គាល់ថាជារបស់ មន្ត្រីនគរបាលម្នាក់នៅខណ្ឌចំការមន។ និងមាននៅតាមបណ្ដោយផ្លូវ ១៣៨ មានយីហោដេប៉ូ(Net2)។
ដោយឡែកនៅក្នុងមូលដ្ឋានសង្កាត់មនោរម្យ ក៏មិនធម្មតាដែរយ៉ាងហោចណាស់ក៏មានទីតាំង អិនធើណេត បង្កប់ល្បែងសុីសង៧ទីតាំងឯណោះ។
ទីតាំងអិនធើណេត យីហោ (i-NET )២៤ម៉ោង ស្ថិតនៅផ្ទះលេខ៤៧Eoយីហោ (i-NET )យីហោ (RSInternet) ស្ថិតនៅផ្ទះលេខ៥១Eo យីហោCH294, ស្ថិតនៅផ្ទះ៥៦Eo តាមបណ្តោយផ្លូវ១៣៤ និងពីរទីតាំងទៀតស្ថិតផ្ទះលេខ៤៦Eo គ្មានយីហោ និងមួយទៀតផ្ទះគ្មានលេខយីហោ (i -NET )តាមបណ្តោយផ្លូវ១០៩ ។ មួយទីតាំងទៀតផ្ទះគ្មានលេខយីហោ(ហេភី107ណេត) ផ្លូវលេខ១០៧(សុកហុក)កែងផ្លូវ១៣៤ និងមួយទៀតស្ថិតក្នុងផ្លូវឌួងហែមក្រោយសាលាសង្កាត់មនោរម្យផ្ទាល់តែម្តង។ ពិសេសកន្លែងលេងខ្លាឃ្លោក បៀ អាប៉ោង មួយកំផ្លូសទៀត។
អាជ្ញាធរខណ្ឌ៧មករា ប្រសិនបើមិនបានពាក់ព័ន្ធនិងបញ្ហាប្រយោជន៍ទេ អាចធ្វើរដ្ឋបាលបង្ក្រាបបានគ្រប់ពេលវេលា អនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលមាន៩ចំណុចដូចខាងក្រោម៖
១- គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ
២- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់
៣-គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ
៤-គ្មានក្មេងទំនើង
៥-គ្មានលេងល្បែង ស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍
៧- គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្ត រាយ ប្រកបដោយប្រសិទ្ធិភាព
៩-គ្មានការត្រួតពិនិត្យខុសច្បាប់ ។
ផ្ទុយទៅវិញអ្វីដែលលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌមិនបង្ក្រាប មានន័យថា៖ លោកមិនទាន់ចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល, និងអនុវត្តតាមស្មារតីអង្គប្រជុំរបស់គណៈអភិបាលរាជធានីភ្នំពេញ និងមានចេតនាបង្កអោយមានបទល្មើសបន្តកើតក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ខណៈទីតាំងបនល្បែងជាប្រភពផ្តើមអោយមាននូវ៖ សកម្មភាព លួច ឆក់ ប្លន់,ការប្រមូលផ្តុំនិងផ្តល់អោយជនល្មើសការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ,អំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ,កូនលេងស្តាប់ដំបូន្មានអាណាព្យាបាល វក់ល្បែង ភ្លេចបាយ ទឹក គេចសាលា ខូចអនាគតដល់ពន្លកធនធានមនុស្ស។ បង្កើតអោយមាន ក្រុមក្មេងទំនើង ឈានដល់ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក៏អាចថាបាន។
សូមបញ្ជាក់ថា៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានពង្រឹងបំផុតលើបញ្ហាជម្រុញអោយអាជ្ញាធរ សមត្ថកិច្ចទាំង១៤ខណ្ឌ អនុវត្តនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ប៉ុន្តែមន្ត្រីខ្លះ (មិនដេកលក់ ធ្វើជាដេកលក់) ចរិកប្រើវប្បធម៍(កន្ទេលធំបន្លំដេក) ឬជាមន្ត្រីគ្រាប់ល្ពៅ។
មន្ត្រីខ្លះបានលើកឡើងថា៖ ករណីខ្លះអាចរក្សាទុក ខណៈមានច្បាប់៥០% ហើយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ខ្វះថវិកាដោះស្រាយការងារប្រចាំថ្ងៃ ប៉ុន្តែត្រូវមានការទទួលខុសត្រូវរាល់បទល្មើសដែលកើតឡើង បញ្ហាមិនប្រក្រតីនូវទីតាំងខ្លះ បង្ករំខានដល់ពលរដ្ឋ,ការប្រមូលផ្តុំនៃការផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ,មុខសញ្ញា សកម្មភាព លួច ឆក់ ប្លន់ ក្រុមក្មេងទំនើងជ្រកកោណ ត្រូវតែក្តោបព័ត៍មានឈានដល់ការ ទប់ស្កាត់ បង្ក្រាប បញ្ចៀសបទល្មើសកើតមានប៉ះពាល់សង្គម។
លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ពាក់ព័ន្ធទីតាំងបនល្បែងរីកដូចផ្សិតក្នុងដែនសមត្ថកិច្ចគាត់គ្រប់គ្រង អង្គភាព (នគរដ្រេហ្គន) មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩៕
ដោយ៖ ស សម