ភ្នំពេញ ៖ ស្រ្ដី២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចោមចៅបណ្ដើរចូលប៉ុស្ដិ៍ ព្រោះតែជម្លោះ ហិង្សា ដែលកើតឡើងព្រោះជម្លោះរឿងលុយជំពាក់ថ្លៃទិញអង្ករ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅតូបលក់បាយក្នុងផ្សារឯករាជ្យ១ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីមន្រ្ដីនគរបាលបានឲ្យដឹងថា ស្រ្ដីជាម្ចាស់បំណុលឈ្មោះ ថេង ឈូករ័ត្ន អាយុ៣៦ឆ្នាំ ជាអ្នកលក់អង្ករនៅផ្សារឯករាជ្យ១ ស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុ មានស្រុកកំណើតក្នុងភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកស្រ្ដីដែលជំពាក់បំណុលលុយគេនោះ ឈ្មោះ វ៉ុន ស្រិន អាយុ៤៦ឆ្នាំ ជាអ្នកលក់បាយក្នុងផ្សារឯករាជ្យ១ ស្នាក់ក្នុងភូមិ-សង្កាត់កើតហេតុ និងមានស្រុកកំណើតនៅភូមិមាន់ដប់លើ ឃុំមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមសម្ដីរៀបរាប់របស់ស្រ្ដីឈ្មោះថេង ឈូករ័ត្នបានឲ្យដឹងថា មុនពេលកើតហេតុឈ្មើ វ៉ុន ស្រិន បានទៅជឿងអង្ករគាត់ក្នុងតម្លៃ១,២៣លានរៀល ដោយជំពាក់អស់ជាច្រើនខែមកហើយ ដោយមិនឃើញយកលុយសងសោះ។ លើសពីនេះទៀត គាត់បានទៅទារជាច្រើនលើកច្រើនសារមកហើយ ហើយស្រ្ដីនោះតែងនិយាយថា ម្ដងថ្ងៃនេះម្ដងថ្ងៃនោះ ដោយយកលេសថា លក់បាយមិនទាន់ដាច់ អត់មានលុយសងទេ។ ក្រោយមកលុះនៅវេលាថ្ងៃកើតហេតុ គាត់ក៏ទៅទារលុយពីស្រ្ដីនោះម្ដងទៀត តែដោយសារតែគាត់មានកំហឹង ក៏បានពោលពាក្យសម្ដីទ្រគោះបោះបោក ទើបបណ្ដាលឲ្យទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ហិង្សា បង្ករបួសស្នាមដល់រូបគាត់ពេញផ្ទៃមុខ ទើបគាត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយរកយុត្តិធម៌ឲ្យ។
ចំណែកស្រ្ដីឈ្មោះ វ៉ុន ស្រិន វិញបានឲ្យដឹងដែរថា គាត់ពិតជាជំពាក់លុយស្រ្ដីឈ្មោះ ថេង ឈូករ័ត្នពិតមែន ហើយដោយសារតែគេមកទារលុយជាច្រើនលើកច្រើនសារ ហើយថែមទាំងពោលពាក្យសម្ដីមិនសមរម្យទៀត ទើបបណ្ដាលឲ្យគាត់ច្រឡោតតបទៅវិញ ក៏កើតមានការវាយតប់គ្នា។ ពេលនោះគាត់ស្រីគាត់ឈ្មើ គង់ គឹមស្រីនី អាយុ១២ឆ្នាំ ដែលនៅក្បែរនោះ ក៏បានមកជួយគាត់ តែត្រូវស្រ្ដីឈ្មោះឈូករ័ត្ន វាយចំក្បាលពោះបណ្ដាលឲ្យដួលទៅនឹងដី ។ ដោយឃើញសភាពរបស់កូនស្រីគាត់ គាត់ក៏បានហក់ទៅក្រញ៉ាវខ្ញាំស្រ្ដីនោះនឹងក្រចកលើផ្ទៃមុខតែម្ដង។
ដោយឡែកតាមប្រភពពីមន្រ្ដីនគរបាលវិញបានឲ្យដឹងថា បន្ទាប់ពីមានអំពើហិង្សាកើតឡើង សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ និងបាននាំភាគីទាំងសងខាង ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ម្យ៉ាងទៀត បើពិនិត្យតាមទិដ្ឋភាពជាក់ស្ដែង ភាគីខាងចុងចោទ(ស្រ្ដីឈ្មោះ វ៉ុន ស្រិន) ពុំមានស្លាកស្នាមអ្វីទាំងអស់ ទាំងម្ដាយនិងកូនស្រី។ ប៉ុន្តែភាគីខាងដើមចោទវិញ (ស្រ្ដីឈ្មោះថេង ឈូករ័ត្ន) ឃើញមានស្លាកស្នាមុតក្រចកជាង២០កន្លែងលើផ្ទៃមុខ។
ប្រភពដដែលបានបន្ដថា ក្រោយពេលនិយាយគ្នាអស់ជាច្រើនម៉ោងហើយនៅតែមិនត្រូវគ្នា ដោយសារតែភាគីខាងដើមចោទ បានទាមទារប្រាក់សងជំងឺចិត្តចំនួន៥ពាន់ដុល្លារ និងថ្លៃជំពាក់អង្ករ តែភាគីខាងចុងចោទថា សងតែ៥០ដុល្លារ និងថ្លៃជំពាក់ ទើបមន្រ្ដីនគរបាលប៉ុស្ដិ៍បានកសាងសំណុំរឿងបញ្ចូនស្រ្ដីទាំង២នាក់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ វិបុល