ខេត្តបាត់ដំបង៖នគរបាលខេត្តបាត់ដំបងបានស្រាវជ្រាវស៊ើបអង្កេតឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនសមាជិកក្រុមចោរប្លន់ម្នាក់ទៀតហើយនិងស្រ្តីម្នាក់ទៀតជាមេកាខារ៉ាអូរខេ អ្នកផ្សំគំនិត ក្នុងករណីអំពើប្លន់អាជីវករលក់មាសពីរនាក់ប្តីប្រពន្ធនៅក្រុងបាត់ដំបងកាលពីកន្លងទៅថ្មីៗនេះ។ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញដកហូតបានវត្ថុតាងគ្រឿងអលង្ការមួយចំនួន, ម៉ូតូ២គ្រឿង និងកាំភ្លើងខ្លីម៉ាករ៉ូឡូ វាំងដឺឡុង ១ដើមគ្រាប់ចំនួន៤៣គ្រាប់។កម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាបបានសមាជិកក្រុមចោរប្លន់និងអ្នករួមគំនិតបានជាបន្តបន្ទាប់ខាងលើធ្វើឡើងមានរយៈពេល២ថ្ងៃគឺថ្ងៃតី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិសាស្រ្តសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំង ដោយ អនុវត្តក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ១,ហាំ សុផាតហៅម៉ាប់ ភេទប្រុស អាយុ២៩ ឆ្នាំ គ្មានមុខរបរពិតប្រាកកដ ២,ហេង លី ហៅជា ភេទស្រី អាយុ៣០ឆ្នាំ ប្រកបមុខរបរមេកាហាងខារ៉ាអូរខេនៅក្នុងក្រុងបាត់ដំបង ពួកគេទាំង២នាក់រស់នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីឈ្មោះ ហាំ សុផាត ហៅម៉ាប់រួមមាន កេះដែកដាក់មាស២កេះ និងបន្តោងខ្សែកផ្លាទីន១ ម៉ូតូហុងដាឌ្រីម១គ្រឿង។ ដកហូតពីស្រ្តីឈ្មោះ ហេង លី ហៅជា រួមមានម៉ូតូឃ្លីកពណ៌ក្រហមស៊េរីឆ្នាំ២០១៥ មួយគ្រឿង កាំភ្លើងខ្លីករ៉ូឡូ វាំងដឺឡុង ១ដើមគ្រាប់ចំនួន៤៣គ្រាប់ ខ្សែដៃផ្លាទីន១ខ្សែ និងបន្តោងខ្សែកផ្លាទីន១។
ជនសង្ស័យទាំង២នាក់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នា២០១៥ ត្រូវបានសមត្ថកិច្ចធ្វើការបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំពោះមុខសារពត៌មាន ហើយក៏មានការធ្វើសន្និសិទកាសែតនោះផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលផែនកណ្តាលព្រហ្មទណ្ឌបា្រប់ឱ្យដឹថា ជនសង្ស័យទាំង២នាក់ឈ្មោះហាំ សុផាត ហៅម៉ាប់ ជាសមាជិកក្រុមចោរប្លន់ក្នុងចំណោមបក្ខពួក៥នាក់ដែលបានធ្វើសកម្មភាពប្លន់ងាជីវករលក់មាស ពីរនាក់ប្តីប្រពន្ធនៅក្រុងបាត់ដំបង ចំណែកស្រ្តីឈ្មោះ ហេង លី ហៅជា ជាសង្សារសមាជិកក្រុមចោរប្លន់ម្នាក់ទៀត ហើយស្រ្តីរូបនេះ ជាអ្នកបង្កលក្ខណៈឱ្យក្រុមចោរប្លន់ទាំងនោះទៅធ្វើសកម្មភាពប្លន់ផងនិងសម្រួលឱ្យក្រុមចោរប្លន់រត់គេចខ្លួនផង ហើយស្រ្តីរូបនោះក៏ទទួលបានគ្រឿងអលង្ការមួយចំនួនពីអំពើប្លន់នោះដែរ ដោយគ្រឿងអលង្ការមួយចំនួននោះត្រូវបាន ស្រ្តីរូបនោះលក់យកមកទិញម៉ូតូម៉ាកឃ្លីបពណ៌ក្រហម និងនៅសេសសល់គ្រឿងអលង្ការតិចតួចត្រូវបានសមត្ថកិច្ចដកហូតបាន។គ្រឿងអលង្ការដែលដកហូតបានពីជនសង្ស័យនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ក៏ធ្វើការប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់គ្រោងនិងបញ្ជូនយកទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ចាប់តាំងពីអំពើប្លន់អាជីវករអ្នកលក់មាសពីរនាក់ប្តីប្រពន្ធនៅភូមិតាគាំ២សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១២ ខែធ្នូឆ្នា២០១៥ កាលពីកន្លងទៅនោះ រហូតមកដល់ពេលនេះសមាជិកក្រុមចោរប្លន់ចំនួន៣នាក់ និងអ្នករួមគំនិតម្នាក់ ទៀតត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់។
សូមរំលឹកថាកាលពីល្ងាចថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មាន ក្រុមចោរប្លន់ប្រដាប់អាវុធវែងខ្លីចំនួន៣ដើមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពប្លន់អាជីវករអ្នកលក់មាស២នាក់ប្តីប្រពន្ធដោយបាញ់គំរាមបីគ្រាប់ ហើយប្លន់យកទ្រព្យសម្បត្តិយ៉ាងសន្ធឹហសន្ធាប់បានសម្រេច ខណៈដែលអាជីវករលក់មាសពីរនាក់ប្តីប្រពន្ធ បានជិះរថយន្តចេញពីកន្លែងលក់មាសនៅផ្សារណាត់ មកដល់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ។ក្រោយពីប្លន់រួចហើយក្រុមចោរប្លន់ទាំងនោះបានរត់គេចខ្លួនបាត់។នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយនិងធ្វើការត្រួតពិនិត្យគ្រប់ ច្រកល្ហកដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះ ។ក្រោយពីអំពើប្លន់នឿភ្លាមនៅពេលនោះសមាជិកក្រុមចោរប្លន់ពីរនាក់ក៏ត្រូវបានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលបង្រ្កាបហើយនៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៥ សមាជិកក្រុមចោរប្លន់និងអ្នករួមគំនិត២នាក់ទៀតត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ សមត្ថកិច្ចរកឃើញដកហូតបានគ្រឿងអលង្ការ មួយចំនួនធំពីក្រុមចោរប្លន់ទាំងនោះជាបន្តបន្ទាប់នោះផងដែរ និងកាំភ្លើងខ្លី២ដើមរួចមកហើយ។បច្ចុប្បន្ននេះសមត្ថកិច្ចបន្តស្រាវជ្រាវស៊ើបអង្កេតស្វែងករចា់ឃាត់ខ្លួនបក្ខពួកនៅសេសសល់មួយចំនួនទៀតដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត៕ សំ វិច្ឆិកា