ខេត្តព្រះសីហនុ៖ អាគារសំណង់របស់ជនជាតិចិនកម្ពស់៧ជាន់ បានរលំ បាក់សង្កត់មនុស្សស្លាប់ និងរបួសជាច្រើននាក់ ទាំងព្រឹកព្រលឹមអុរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុង-ខេត្តព្រះសីហនុ សង្ស័យកង្វះខាតការត្រួតពិនិត្យលើបច្ចេកទេសពីជំនាញពាក់ព័ន្ធ ឬម្ចាស់សំណង់ត្រូវខាងអ្នកម៉ៅការសាងសង់លួចគេងចំណេញបច្ចេកទេស សាងសង់ដោយគ្មានគុណភាព លក្ខណះស្តង់ បង្កជាហានិភ័យបែបនេះ។
បើគិតត្រឹមម៉ោងជាង៨ព្រឹកនេះ រកឃើញអ្នកស្លាប់៣នាក់ និងជិត១០នាក់ផ្សេងទៀតរងរបួស ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់។ នេះបើតាមការអោយដឹងពីលោក អភិបាលខេត្តព្រះសីហនុ ។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅមុននេះបន្តិចថា គិតត្រឹមម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ។ ក្រុមជំនាញបានប្រើប្រាស់អេស្កាវ៉ាទ័រចំនួន២គ្រឿង និងគ្រឿងចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។
បើតាមអាជ្ញាធរអគារដែលកំពុងសាងសង់ហើយបានបាក់រលំនេះ ជារបស់ជនជាតិចិន ដែលបានជួលដីទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ សង់បានប្រហែល៨០ភាគរយ។ នៅកន្លែងកើតហេតុគេឃើញមានក្រុមសង្គ្រោះ៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ក៍បានចេញទៅជួយអន្តរគមន៍ស្វែងរកជនរងគ្រៅផងដែរ ។
សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមនុស្សជាច្រើននាក់ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងគំនរអគារនេះ។ ជាលើកទី១ នៅកម្ពុជាមានគ្រោះថ្នាក់បែបនេះ ខណៈប្រទេសដទៃទៀតលើពិភពលោក ជួបគ្រោះរញ្ជួយដី រលំអាគារ ជាញឹកញាប់នោះ។
អាជ្ញាធរ និងជំនាញមិនទាន់បញ្ជាក់លម្អិតពីបញ្ហាបណ្តាលអោយសំណង់អាគារកំពស់៧ជាន់ បានរលំសង្កត់មនុស្សស្លាប់ និងរបួសជាច្រើននាក់នៅឡើយទេ៕ ដោយ៖ ឆ្លាម សមុទ្រ