ភ្នំពេញ៖ ចាប់តាំងលេចដំណឹងភ្ជាប់ជាមួយតារាសម្តែង សុវណ្ណ រ៉ាផា មក នាយក្តីមិនដែលបង្ហាញមុខរួមគ្នាជាសាធារណៈឡើយ ។ រាត្រីថ្ងៃទី២១ខែមិថុនានេះ នាយក្តីបានលេចមុខរួមជាមួយគូដណ្តឹង និងក្រុមគ្រួសារ ក្នុងការទទួលទានអាហារជុំគ្នាមួយ និងជម្រះមន្ទិលស្នេហ៍ភេទដូចគ្នាជាមួយនាយចឺមដែលជាបងប្អូនធម៌។
កន្លងទៅមានការលេចចេញដំណឹងនៃចំណងស្នេហ៍ភេទដូចគ្នារវាង នាយក្តី និងនាយចឺម រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងចាប់អារមមណ៍ខ្លាំង ហើយបើទោះបីជានាយក្តីចេញមុខបញ្ជាក់ថាមិនពិត និងចាត់ទុកថាជារឿងកំប្លែងក៏រឿងនេះនៅមិនទាន់បាត់ស្ងាត់ច្រើននៅឡើយ។ ដើម្បីកាន់តែចម្រះភាពសង្ស័យ តារាចម្រៀង និងកំប្លែងរូបនេះបានបង្ហាញមុខ តារាសម្តែងសុវណ្ណ រ៉ាផា ជាគូដណ្តឹងជាផ្លូវការ អមដោយវត្តមានក្រុមគ្រួសារចាស់ទុំទាំងសងខាងរួមជាមួយនឹងកាដូរផ្ទះមួយដល់គូដណ្តឹងផងដែរ។ នាយក្តីបញ្ជាក់ថា ជាទ្រព្យដែលសន្សំរករួមគ្នា ប៉ុន្តែសម្រាប់ថ្ងៃរៀបការលោកនៅមិនទាន់ប្រាកដនៅឡើយព្រោះតែចង់រកលុយបានសល់ខ្លះដោយមិនពឹងលើឪពុកម្តាយ។
លោកបញ្ជាក់ដែរថា រឿងលោក និងនាយចឺមស្នេហាគ្នានោះគឺមិនទាន់ស្ងាត់អស់ទេ ប៉ុន្តែការបង្ហាញវត្តមានអនាគតភរិយា និងក្រុមគ្រួសារទាំងសងខាងនៅពេលនេះគឺដើម្បីបញ្ជាក់កាន់តែច្បាស់ថាលោក និងសុវណ្ណរ៉ាផា ពិតជាស្រលាញ់គ្នាពិតប្រាកដមិនមែនជាការសម្តែងបិទបាំងមហាជនឡើយ។
មានទស្សនិកជន អ្នកគាំត្រលោកជាច្រើនបានផ្ញើសារជូនពរ និងសរសើរពីភាពក្លាហានរបស់នាងក្តី ដែលបានបញ្ជាក់ពីទឹកចិត្តស្រលាញ់អនាគតភរិយា និងពីមុខក្រុមគ្រួសារ និងធ្វើឲ្យអនាគតភរិយាកាន់តែមានអារម្មណ៍កក់ក្តៅថែមមួយកម្រិតទៀត៕ ដោយ វឌ្ឍនា