ខេត្តព្រះសីហនុ៖ រហូតមកទល់ពេលនេះ មនុស្សចំនួន៤នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ករណីរលំអគារគ្មានច្បាប់៧ជាន់របស់ជនជាតិចិន ដែលធ្វេីអោយកម្មករខ្មែរ៣នាក់ស្លាប់ របួសធ្ងន់២នាក់ និង របួសស្រាល១៦នាក់ ។
នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលសារព័ត៍មាន ទេីបទទួលបាននៅវេលាថ្ងៃត្រង់ទី២២ ខែមិថុនា នេះ ។
ជាមួយគ្នានេះ ដោយសារស្ថានភាពធ្ងន់ធ្ងរ , កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអគារសំណង់សណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់ដែលបាក់រលំនៅក្រុងព្រះសីហនុ ដោយយកចិត្តទុកដាក់ ។
ក្នុងនោះកម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ ក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅមុនថ្ងៃត្រង់ថ្ងៃ២២ ខែមិថុនា នេះ ដើម្បីប្រតិបត្តិការជួយសង្គ្រោះ រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ មនុស្សចំនួន៣នាក់បានស្លាប់ របួសធ្ងន់៣នាក់ និង របួសស្រាលចំនួន១៦នាក់ ក្នុងហេតុការណ៍នេះ។
ប្រភពព័ត៌មាន បញ្ជាក់ថា អគារសំណង់សណ្ឋាគារនេះ គឺ ពុំមានច្បាប់អនុញ្ញាតឡើយ តែអាចសាងសង់បានជាធម្មតា ដែលជាហេតុនាំអោយកើតរឿងនេះឡើង ទំនងជាលក្ខណៈបច្ចេកទេសសាងសង់មិនត្រឹមត្រូវ ៕