សារព័ត៌មាន BBC បានផ្សាយថា៖ ពលរដ្ឋហុងកុង រាប់ពាន់នាក់ បានព័ទ្ធជុំវិញទីស្នាក់ការកណ្តាលរបស់ប៉ូលីសរយៈពេល១៥ម៉ោងដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលអំពាវនាវឲ្យមេដឹកនាំគាំទ្រក្រុងប៉េកាំងរបស់ទីក្រុងនេះចុះចេញពីតំណែង។
បាតុកររាប់ពាន់នាក់ដែលភាគច្រើនមានវ័យក្មេងបានឡោមព័ទ្ធអគារនេះកាលពីថ្ងៃសុក្រហើយឆ្លងចូលដល់ព្រឹកថ្ងៃសៅរ៍ដែលនេះជាការបង្ហាញចុងក្រោយបំផុតនៃកំហឹងនៅក្នុងទីក្រុងហុងកុង។ ប៉ូលីសបានស្នើសុំឱ្យក្រុមបាតុករដកចេញខ្លួនដោយសន្តិវិធីដោយនិយាយថាវត្តមានរបស់ពួកគេនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេវាសង្គ្រោះបន្ទាន់។
មនុស្សរាប់លាននាក់បានដើរក្បួនក្នុងខែនេះដើម្បីជំទាស់នឹងច្បាប់ដែលបានស្នើឡើងមួយដែលនឹងអនុញ្ញាតឲ្យមានការធ្វើបត្យាប័នទៅចិនដីគោក។
រលកបាតុកម្មនាពេលបច្ចុប្បន្ននេះគឺបង្កឡើងដោយការប៉ុនប៉ងមួយរបស់នាយកប្រតិបត្តិលោកស្រី Carrie Lam ដើម្បីអនុម័តច្បាប់បត្យាប័នដែលគាំទ្រដោយទីក្រុងប៉េកាំងប៉ុន្តែឥឡូវនេះលោកស្រីបានពន្យារពេលច្បាប់នេះបន្ទាប់ពីមានប្រតិកម្មជាសាធារណៈដ៏ធំធេង។ ប៉ុន្តែចាប់តាំងពីពេលនោះមក បាតុកម្មបានប្រែក្លាយទៅជាចលនាកាន់តែធំប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី Lam និងទីក្រុងប៉េកាំងបន្ទាប់ពីមានការធ្លាក់ចុះនៃសេរីភាពនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។
មេដឹកនាំបាតុកម្មគ្រោងនឹងរៀបចំការតវ៉ាដ៏ធំមួយទៀតនៅថ្ងៃទី១ខែកក្កដាប៉ុន្តែក្រុមមួយចំនួនដែលដឹកនាំដឹកនាំដោយសិស្សនិស្សិតបានចាប់ផ្តើមធ្វើទង្វើមិនធម្មតានៃការមិនគោរពច្បាប់ស៊ីវិល។អំឡុងបាតុកម្មនៅខាងក្រៅទីស្នាក់ការកណ្តាលប៉ូលិសកាលពីថ្ងៃសុក្រ ហ្វូងបាតុករធំៗបានបិទច្រកចូល បាំងកាមេរ៉ាCCTV និងស្រែកដាក់ប៉ូលិស។
ក្រុមប្រឆាំងបានទាមទារឲ្យមានការស៊ើបអង្កេតមួយចូលទៅក្នុងការចោទប្រកាន់អំពីអំពើឃោរឃៅរបស់ប៉ូលិសនិងដោះលែងអ្នកដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាបន្ថែមពីលើការបណ្តេញលោកស្រី Lam ហើយលុបចោលសេចក្តីព្រាងច្បាប់បត្យាប័នជាអចិន្ត្រៃយ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសៅរ៍ ប៉ូលិសបានហៅការតវ៉ានេះថា“ខុសច្បាប់ ខ្វះការពិចារណានិងគ្មានហេតុផល” ដោយនិយាយថា ខ្សែទូរស័ព្ទបន្ទាន់ត្រូវបានរំខានហើយថា បុគ្គលិកចំនួន១៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕
ដោយ៖ មែវ សាធី