កណ្តាល៖ ខណៈទឹកទន្លេសាបបាន និងកំពុងស្រកចុះជាបណ្តើរៗ គេសង្គេតឃើញសកម្មភាពបូមប្រមូលទឹកបញ្ចូលអាង ព្រែក បឹងបួធម្មជាតិ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកណ្តាល នៅតែបន្តយ៉ាងសកម្ម ពីសំណាក់ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យប្រាប់ឱ្យនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥ នេះថា បច្ចុប្បន្នការងារបូមប្រមូលទឹកបញ្ចូលអាង ព្រែក បឹងបួធម្មជាតិ នៅក្នុងខេត្តកណ្តាល ក្រុមការងាររបស់យើងនៅតែបន្តដំណើរការនៅក្នុងស្រុក ចំនួន ០៥ រួមមាន ស្រុកមុខកំពូល ខ្សាច់កណ្តាល ពញាឮ កៀនស្វាយ និងស្រុកល្វាឯម ។
លោក ឈា ប៊ុនរិទ្ធ បានបន្តថា នៅក្នុងការងារបូមប្រមូលទឹក តាមបណ្តាស្រុកទាំង ០៥ ខាងលើ គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹក ស្ថានីយចល័ត និងស្ថានីយអចល័ត សរុបចំនួន ៣២ គ្រឿង ក្នុងនោះរួមមាន ១.ស្រុកមុខកំពូល ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៩ គ្រឿង ស្ថានីយចល័ត ចំនួន ០១ គ្រឿង ស្ថានីយអចល័ត ចំនួន ០១ គ្រឿង, ២.ស្រុកខ្សាច់កណ្តាល ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៥ គ្រឿង, ៣.ស្រុកពញាឮ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ១២ គ្រឿង ស្ថានីយចល័ត ចំនួន ០១ គ្រឿង, ៤.ស្រុកកៀនស្វាយ ម៉ាស៊ីនបូមទឹកខ្នាតតូច (២០សេះ) ចំនួន ០២ គ្រឿង, និង៥.ស្រុកល្វាឯម ស្ថានីយសម្តេចតេជោទី ៣៨ ចំនួន ០១ គ្រឿង ។
លោកប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមថា តាមរយៈនៃការបន្តបូមប្រមូលទឹក និងការទាញយកទឹកមកស្រោចស្រពដំណាំស្រូវជាបណ្តើរៗដែរនោះ យើងអាចវាយតម្លៃបានថា ទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកណ្តាល គឺអាចធានាបាននូវការដាំដុះទៅតាមផែនការកំណត់ រហូតដល់ប្រមូលផល និងទទួលបានទិន្នផលយ៉ាងល្អប្រសើរ ។ចំពោះការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តកណ្តាល ត្រូវបានលោក ជុន ប៉េងឡុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បញ្ជាក់ឱ្យដឹងដែរថា ឆ្នាំនេះ បើតាមផែនការរបស់ខេត្ត គឺគ្រោងនឹងផលិតស្រូវប្រាំង ចំនួន ៥៣.៥០០ ហិកតា ហើយមកដល់ពេលនេះ សម្រេចបានប្រមាណជាង ៥០ ភាគរយហើយ។ លោកបន្តថា ចំណែកដំណាំស្រូវវស្សាវិញ ប្រមូលផលបានចំនួន ២០.៧៩០ ហិកតា ស្មើនឹងប្រមាណ ៥៨ ភាគរយ នៃផ្ទៃដីផលិតបាន ៕