ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវត្តមានសម្តេចអញ្ជើញចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ រហូតដល់ម៉ោង៣និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ទើបសម្តេចចូលសំរាន្ត។ ឃើញថាមានសប្បុរសជនជាច្រើនបានចូលរួមវិភាគទាន ប្រមាណបានជាង១លានដុល្លារហើយ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា នេះ ។ នេះបើតាមការបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន លើComment ផេកផ្លូវការសម្តេច។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេកថា “ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ” ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងអ្នករបួស២៤នាក់។ នេះបើតាមការបញ្ជាក់អោយដឹងពី ក្រុមប្រតិបត្តិការសង្គ្រោះ។ ដោយបានឲ្យដឹងថា គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ម្នាក់ ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន ២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕
ដោយ៖ សុខ ខេមរា