បច្ចុប្បន្នតម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់ ដោយសារតែភាពតានតឹង នៅក្នុងតំបន់មជ្ឈឹមបូព៌ា រវាងអាមេរិក និងអ៊ីរ៉ង់ ពិសេសក្រោយ ពេលនាវាដឹកប្រេងរងការបាញ់ប្រហារ ។ នៅពេលនេះដែរ ការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័នបានរួមចំណែក ធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។
កាលពីថ្ងៃទី២៣ខែមិថុនា មានករណីផ្ទុះបំពង់បង្ហូរឧស្ម័ន ប្រេងនៅរដ្ឋ Rivers ភាគខាងត្បូង នីហ្សេរីយ៉ា បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ករណីផ្ទះកើតឡើង ក្នុងពេលដែលក្រុមជំនាញបានធ្វើការជួសជុល បំពង់បង្ហូរប្រេងនៅតំបន់ Oyiqbo ជិតទីក្រុង Port Harcourt រដ្ឋ Rivers ។
ក្រោយពន្លិតអគ្គិភ័យ ប៉ូលិសបានរកឃើញសាកសព១០នាក់ និង២នាក់រងរបួស ក្រោយមក ក៏ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ បំពង់បង្ហូរប្រេងខាងលើ ជារបស់ក្រុមហ៊ុន Pipeline Produce Marketing ដែលជាក្រុមហ៊ុនប្រេងជាតិ នីហ្សេរីយ៉ា។
ប្រធានាធិបតី នីហ្សេរីយ៉ា លោក Muhammadu Buhari បានចេញបញ្ជារឲ្យបើកការស្រាវជ្រាវ ជាបន្ទាន់ ករណីខាងលើ។ ជាមួយគ្នានោះលោកក៏បានចូលរួមរំលែកទុក្ខដល់ គ្រួសារជនរងគ្រោះផងដែរ។
ដោយឡែកនៅក្នុងប្រទេសស៊ីរីវិញ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានឲ្យដឹង បំពង់បង្ហូរប្រេងចំនួន៥កន្លែង នៅតំបន់សមុទ្រ Banias រងការបំផ្លាញ បណ្តាលឲ្យលិចហៀរប្រេងចូលសមុទ្រ ហើយក្រុមអ្នកជំនាញបានខិតខំ ទប់ស្កាត់ ចំពោះការលិចហៀរប្រេងទាំងនេះ។
បើតាមការប្រកាសរបស់ក្រុមមន្ត្រីជំនាញ បានឲ្យដឹងថា ការបំផ្លាញខាងលើ ត្រូវបានក្រុមអ្នកមុជទឹក ត្រួតពិនិត្យបំពង់បង្ហូរប្រេង នៅបាត់សមុទ្រប្រទះឃើញ។ ប៉ុន្ដែរហូតមកទល់ពេលនេះ គេមិនទាន់ដឹងពីចេតនា នៃការបំផ្លាញខាងលើនេះឡើយ ហើយក្រុមអ្នកជំនាញនឹងជួសជុលឲ្យបានលឿនបំផុត តាមអ្វីដែលអាចធ្វើបាន។
រយៈពេលកន្លងមក ប្រទេសស៊ីរី បានធ្លាក់នៅក្នុងស្ថានភាពខ្វះថាមពល ដោយសារតែការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច និងអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រដ្ឋា ភិបាលស៊ីរី។
ពាក់ព័ន្ធនឹងស្ថានភាព នៅក្នុងប្រទេសស៊ីរីនោះដែរ ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (SOHR )កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសថា ការវាយប្រហាររបស់កម្លាំងទាហានស៊ីរី បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៥នាក់ស្លាប់ នៅក្នុងភូមិ Josef ខេត្ត Idlib ដែលជាតំបន់គ្រប់គ្រង ដោយក្រុមឧទ្ទាម។ ប៉ុន្ដែក្នុងរយៈពេល ៤ថ្ងៃកន្លងមក ពលរដ្ឋស្លូតត្រង់ស៊ីរីចំនួន៦០នាក់ បានស្លាប់ ដោយសារតែការវាយប្រហាររបស់ទាហានរដ្ឋាភិបាលស៊ីរី ៕