ភ្នំពេញ៖ ប្រភពខ្លះបានអោយដឹងថា៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំយោបល់សម្តេច ហ៊ុន សែន លើការផ្គូរផ្គងបេក្ខភាពអភិបាលខេត្តមួយចំនួន។ សម្តេច ស ខេង បានវាយតម្លៃពីបេក្ខភាព លោក គួច ចំរើន សម្រាប់តំណែងអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលត្រូវផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ករណីនេះព្រះមហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ជាផ្លូវការនៅមុននេះបន្តិច។
ជាក់ស្តែងសម្តេច ស ខេង មើលឃើញពីចំណុចវិជ្ជមានរបស់លោក គួច ចំរើន កាលពីពេលដែលលោកនៅជាអភិបាលខណ្ឌមានជ័យ ខណ្ឌដួនពេញ និងខេត្តកំពង់ចាម។
សម្រាប់តំណែងអភិបាលខេត្តកំពង់ចាម សម្តេច ស ខេង បានមើលឃើញពីបេក្ខភាពរបស់លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ សម្តេច ស ខេង បានមើលឃើញពីតួនាទីដ៏សក្តិសមរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងបច្ចុប្បន្ន សម្រាប់តំណែងអភិបាលខេត្តព្រះវិហារ ដោយលោកមានបទពិសោធន៍ធ្វើជាអភិបាលស្រុកកំចាយមារជិត១០ឆ្នាំ៕
ដោយ៖ សុខ ខេមរា