មុននេះបន្តិច៖ ប្រតិបត្តិការរុករកជនរងគ្រោះក្នុងករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ ជាមួយនិងទុក្ខដ៏ក្រៀមក្រំពីប្រមុខរដ្ឋាភិបាល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងក្រុមគ្រួសារជនរួមជាតិ រងរបួស

ចែករំលែក៖

 ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ និងមានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះពិនិត្យដោយផ្ទាល់។

សូមបញ្ជាក់ថា៖ មុនបញ្ចប់ប្រតិបត្តិការរុករកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតទាំងថ្ងៃទាំងយប់រយៈពេល២ថ្ងៃនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានសាកសួរអំពីករណីរលំបាក់អគារនេះ មានរយះពេលជាងកន្លះម៉ោង ប្រកបដោយភាពទទួលខុសត្រូវដោយប្រសាសន៍ថា៖  “ខ្ញុំគ្មានទំលាប់រត់ចោលប្រជាជនទេ ប្រជាជនខ្ញុំកាន់តែលំបាក ខ្ញុំកាន់តែចូលកៀក”។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការនូវការសោកស្តាយ ចំពោះករណីរំលំបាក់អគារដ៏ធំនេះ ក្នុងសន្និសីទសារព័ត៌មាន ហើយសម្តេចក៏បានបង្ហាញអំពីវិធានការ ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល រហូតដល់មានការផ្ទេរអភិបាលខេត្តព្រះសីហនុផងដែរ។

នៅចំពោះមុខ សម្តេចក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច ក្រុមអ្នករុករកជនរងគ្រោះ រួមទាំងអ្នកពាក់ព័ន្ធនានា ដែលបានជួយក្នុងប្រតិបត្តិការរុករក និងជួយជនរងគ្រោះ រយៈពេល២ថ្ងៃកន្លះមកនេះ។

សមត្ថកិច្ច និងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលសាលាខេត្ត  ករណីរលំបាក់អគារកម្ពស់៧ជា នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។

បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យ សាងសង់ចំនួន២ដងរួចទៅហើយ ប៉ុន្តែគេលួចបន្តសាងសង់។

លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើសុំសម្តេចតេជោ លាលែងពីតំណែង សម្តេចក៏យល់ព្រម ដោយសារគាត់សារភាពពីកំហុស និងសូមទោសចំពោះ សម្តេច សម្តេចក្រឡាហោម ស ខេង ប្រជាជន និងក្រុមគ្រួសារជនរងគ្រោះ ។

ទីបំផុតព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង បេក្ខភាព៣រូប គឺលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហុន, លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម, លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ ,ហើយ លោក យន្ត មីន ដែលត្រូវស្នើសុំលាលែងពីតំណែង ផ្ទេមកបំរើការនៅ ទីស្តីការក្រសួងមហាផ្ទៃវិញ។ សម្តេចបានថ្លែងថា៖ ខ្ញុំបានមើលComment អ្នកកំពង់ចាម មិនចង់អោយមានការផ្លាស់ប្តូរលោក គួច ចំរើន ទៅខេត្តព្រះសីហនុទេ តែខ្ញុំសុំចិត្ត …ដោយសារតែគួច ចំរើន ខ្លាំងនឹងហើយបានជាត្រូវយកមកដាក់នៅខេត្តព្រះសីហនុនេះ។

សូមទស្សនានូវរូបភាពរយះពេល៣ថ្ងៃ នៃសកម្មភាពក្រុមការងាររុករកជនរងគ្រោះ ដ៏ស្រស្រាក់ស្រស្រាំ ទាំងយប់ ថ្ងៃ ក្តៅ រងារ ភ្លៀង កើតចេញពីឆន្ទះ ខ្មែរជួយខ្មែរយ៉ាងពិតប្រាកដ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print