ភ្នំពេញ៖ អង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា បាននាំយកនូវអង្ករ ជាង ៥៨តោន ទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ ចំនួន១៤៦៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន៤០គីឡូក្រាម។
ការផ្ដល់អង្ករនេះបានធ្វើឡើងនា ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅវត្តមុន្នីប្រសិទ្ធីវង្ស ដោយមានការអញ្ជើញចូលរួម ពី លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ដ្រីអាជ្ញាធរ មូលដ្ឋានជាច្រើនរូបទៀត។
ថ្លែងនៅក្នុងកម្មវិធីនោះ លោក លោក សៀ មិញស៊ីញ ប្រធានអង្គការមូលនិធិពុទ្ធសាសនាប្រចាំកម្ពុជា មានប្រសាសន៍ថា អង្គការ មូលនិធិពុទ្ធសាសនាឆឺជី បានបង្កើតឡើងដំបូងនៅតៃវ៉ាន់ដែលជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយ ភិក្ខុនី ជីងយៀន ។ ឆឺជីអនុវត្តតែការងារ១គត់ គឺការសាបព្រោះគ្រាប់ពូជនៃក្ដីស្រឡាញ់ បំផុសក្ដីស្រឡាញ់ដល់មនុស្សម្នាក់ៗ ដើម្បីជួយដល់អ្នកមានទុក្ខ និងគោរពសាសនានៃមនុស្សរៀងៗខ្លួន។
ក្ដីមេត្តាករុណា គឺមិនត្រឹម តែ ស្រឡាញ់គ្រួសារយើងនោះទេ។ ក្ដីមេត្តា គឺមិនប្រកាន់សាសនា ពូជសាសន៍ ព៌ណសម្បុរ វណ្ណៈ ឡើយ។ ជាមួយនឹងក្ដីមេត្តា គឺត្រូវចេះជួយ ស្រោចស្រង់ដល់អ្នកជួបទុក្ខលំបាក ឈឺថ្កាត់ បើក្នុងចិត្ត មានតែក្ដីស្រឡាញ់គឺមិនគ្រប់គ្រាន់ទេ គឺត្រូវតែអនុវត្តន៍វិធីស្រោចស្រង់ដល់អ្នកមានទុក្ខលំបាកថែមទៀត ទើបប្រសើរ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់ អង្គការអង្គការមូលនិធិពុទ្ធសាសនាឆឺជី ប្រចាំកម្ពុជា ដែលបានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌព្រែកព្នៅ នេះជា ទង្វើដ៏ប្រពៃជាវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅ មក ដែលជាការបង្ហាញពីការ សាមគ្គីភាព និងមិត្តភាពដ៏ជ្រាលជ្រៅ។
ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខណ្ឌបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ថ្វីត្បិតតែអំណោយ ត្រូវបានផ្ដល់ជូនបងប្អូន ពីច្រើនផ្នែកច្រើនស្ថាប័នជាបន្ដបន្ទាប់ ប៉ុន្តែបងប្អូនមិនត្រូវផ្ដេកផ្ដួលតែទៅលើអំណោយនោះទេ គឺត្រូវខិតខំប្រឹងប្រែងរកស៊ី ប្រកបកិច្ចការងារ ក្នុងជីវភាព ប្រចាំថ្ងៃរបស់ខ្លួន ។សម្រាប់ប្រជាកសិករ ត្រូវខិតខំប្រកបការងារធ្វើស្រែចំការ ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ថែមទៀត ដើម្បីលើកស្ទួយជីវភាព គ្រួសារឲ្យបានធូរធារ ព្រោះ យើងមាន ពូជពង្ស ដូនតា ជាអ្នកឧស្សាព្យាយាម ជាអ្នកស្រវាស្រទេញក្នុងការងារ កសាងបាននូវសមិទ្ធិផលជាច្រើន និងបានបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយ រហូតមកដល់បច្ចុប្បន្ននេះ ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានឡើងថ្លែងអំណរអរគុណដល់ប្រធាន អង្គការ មូលនិធិពុទ្ធសាសនា-កម្ពុជារួចមក ក៏មានកម្មវិធីរៃអង្គាស និងបរិច្ចាកថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចពីប្រជាពលរដ្ឋដែលមកទទួលអំណោយសម្រាប់យកទៅបរិច្ចាកដល់ប្រជពលរដ្ឋក្រីក្រដ៏ទៃទពតផងដែរ ៕
ដោយ៖ ចាន់ធឿន