អតីតតារាល្បី២រូបផ្ទុះរឿងកម្សត់ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវរបស់អតីតតារាចម្រៀង លោក បូ វិចិត្រ និងលោក សែម សង្វាត ដែលស្រាប់តែ លេចមុខជាថ្មីជាមួយនឹងរូបរាងកម្សត់ គួរឲ្យអាសូ បានទាញចិត្តទស្សនិកជនជាច្រើនកើតចិត្តអាណិតពួកគាត់គ្រប់គ្នា។
លោកសែម សង្វាត់គឺជាអតីតសមាជិកក្រុម EV Bandរួមជាមួយ អ្នកនាង យក់ ឋិតរដ្ឋា លោក បូរ វិចិត្រ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឃុំ ប៉ុណ្ណាដែត។ជាង១៥ឆ្នាំហើយដែលខ្សែជីវិតអភព្វរបស់អតីតតារាចម្រៀងសែមសង្វាតទើបនឹងត្រូវបានទម្លាយជាមួយនឹងរូបរាងស្គមស្គាំងមានជំងឺប្រចាំកាយគួរឲ្យអាសូ។ លោកសែម សង្វាត បានបាត់មុខចេញឆ្ងាយពីវិស័យសិល្បៈ ធ្វើឲ្យក្រុមអ្នកគាំទ្រ ក៏ដូចជាមហាជនមានសេចក្ដីនឹករលឹក ដល់រូបលោកជាខ្លាំង។ម្ចាស់បទ «សំបុត្រស្នេហ៍ក្នុងសៀវភៅអូន»រូបនេះធ្វើឲ្យទស្សិកជនកាន់តែអាណិតក្រោយពីដឹងថាលោកមានជំងឺសាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាមនឹងគេសោះ។
តាមការបញ្ជាក់របស់លោក សែម សង្វាត់បានលើកឡើងថាក្រោយពីបញ្ចប់ជីវិតជាតារាចម្រៀង នៅឆ្នាំ ២០០៤ លោក បានចាប់ផ្ដើមជីវិតគ្រួសារដោយរៀបការជាមួយនារីម្នាក់ និង ចាប់ដៃគ្នាបង្កើតមុខរបររកស៊ី នៅឯក្រុងប៉ោយប៉ែត ប៉ុន្តែការរកស៊ីរបស់លោក ហាក់ដូចជាមិនរលូនទៅមុខសោះ ចេះតែខាតបង់ប្រាក់។ លោកបានត្រឡប់មកភ្នំពេញវិញ កាលពីកំឡុងឆ្នាំ ២០១៥ ក្រោយពីបែកបាក់ជាមួយគ្រួសារ បន្សល់ទុកតែកូនប្រុស ៣នាក់ ម្ដាយចាស់ជរាម្នាក់ និងបងស្រីជីដូនមួយម្នាក់ ស្ថិតនៅក្នុងបន្ទុក ដែលលោកត្រូវចិញ្ចឹមបីបាច់ មើលថែតែម្នាក់ឯង។ លោកជួបប្រទះនឹងការលំបាកច្រើនព្រោះតែជំងឺប្រចាំកាយធ្វើទុក្ខ ខណៈដែលកូនៗសុទ្ធតែស្ថិតក្នុងវ័យសិក្សា។ កូនប្រុសច្បងរបស់លោក ឆ្នាំនេះចូលរៀនថ្នាក់សាកលវិទ្យាល័យហើយ ចំណែកកូនទី ២ និងទី៣ ក៏សុទ្ធតែស្ថិតក្នុងវ័យ ត្រូវបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ និងភាសាបរទេស។
ទន្ទឹមគ្នានេះដែរអតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសង្កែរ គឺលោក បូ វិចិត្រ វិញក៏កំពុងធ្លាក់ក្នុងជីវភាពក្រលំបាក ថែមទាំងមានបញ្ហាការចងចាំថែមទៀត បន្ទាប់ពីបានជួបនៅគ្រោះថ្នាក់ចរាចរណ៍។ តារាចម្រៀងកូនចិន ត្រូវបានគេប្រទះឃើញ មកធ្វើជាអ្នករយែឡានឲ្យគេនៅម្ដុំផ្សារស៊ីលិប ក្នុងសភាពគួរឲ្យសង្វេគ ត្បិតថា ស្មារតីអតីតតារាចម្រៀងហាក់មានភាពមិនប្រក្រតី ក្នុងនោះ តាមព័ត៌មានដោយសារតែលោក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print