ប្រកាសផ្ទេរចូលកាន់តំណែងអភិបាលខេត្តកំពង់ចាមជាផ្លូវការ លោក អ៊ុន ចាន់​ដា ជំនួសតំណែង​លោក​ គួច ចំរើន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពង់ចាម បានរៀបចំធ្វើជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈគេដឹងថា អ្នកដែលត្រូវទទួលជំនួសតំណែងលោក គួច ចំរើន គឺលោក អ៊ុន ចាន់​ដា ។ ពិធី​នេះ​រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ដោយឡែក លោក ប្រាក់ សុវណ្ណ ដែលជា​​អភិបាលរង​ខេត្តស្វាយរៀង បានប្រកាសផ្ទេរមកកាន់តំណែង​ជំនួស​លោក អ៊ុន ចាន់​ដា ជាអភិបាលខេត្ត​ព្រះវិហារ កាលថ្ងៃពីម្សិលមិញ មុនមួយថ្ងៃ លោក អ៊ុន ចាន់​ដា ប្រកាសចូលកាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ចាមនៅក្នុងថ្ងៃសុក្រនេះ ។

គួរបញ្ជា្កក់ថា ការផ្លាស់ប្តូរតំណែងបន្ទាប់ពីកើតមាន​ឧ​ប​ទ្ទេវ​ហេតុ​នៃ​ការបាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ ហើយលោក​ យន្ត មីន បាន​សុំលាលែង​ពី​តួនាទី​អភិបាលខេត្ត​ព្រះសីហនុ​ ។ ទាំង​លោក អ៊ុន ចាន់​ដា លោក ប្រាក់ សុវណ្ណ និង​លោក គួច ចំរើន សុទ្ធតែ​ត្រូវ​តែងតាំង​តាម​ព្រះរាជក្រឹត្យ ចុះ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា  ឆ្នាំ២០១៩ ។

អ្វីដែលគួរកត់សម្គាល់ នៅក្នុងលិខិត​​សរសេរ​ដាក់ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមិថុនា សម្តេចក្រឡាហោម ស ខេង បានលើកឡើង​ពី​គុណសម្បត្តិ​របស់លោក អ៊ុន ចាន់​ដា ថា​ទទួលបាន​ការគាំទ្រ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ក្នុងតួនាទី​ជា​អភិបាលខេត្ត​ព្រះវិហារ​ក​ន្ល​ង​មក​។​

«​ការផ្ទេរ​ភារកិច្ច​មកកាន់​ខេត្ត​ធំ​ជាង​នេះ ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​លោក អ៊ុន ចាន់​ដា ដើម្បី​បន្ត​ការ​ខំប្រឹងប្រែង​ដឹកនាំ និង​សម្របសម្រួល​ការងារ​នៅ​កំពង់ចាម ស្របតាម​សមត្ថភាព និង​បទពិសោធន៍​កន្លងមក​»​។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​សម្តេច ស ខេង​។

នៅលើទំព័រហ្វេសប៊ុករបស់លោក គួច ចំរើន បានសរសេរសារយ៉ាងខ្លីដែលមានខ្លឹមសារថា ៖ «គិតត្រឹមរសៀលនេះ រយៈពេល​២ឆ្នាំ​ និង១ថ្ងៃកន្លះ​ ដែលខ្ញុំចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ចាម​ បេីទោះបីជារយះពេលខ្លី ក៏មនោសញ្ជោតនា ដួងចិត្តរបស់ខ្ញុំ បានចងចាំ និងដក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច នូវទឹកចិត្តដ៏ល្អប្រពៃ ស្វាមន៍ រួសរាយរាក់ទាក់សោមនស្ស ​របស់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាជនទូទាំងខេត្តកំពង់ចាម ដែលចូលរួមសហការក្នុងដំណេីរការងាររដ្ឋបាល​ និងការអភិវឌ្ឍខេត្តកំពង់ចាមទទួលបានជោគជ័យ»។

ខ្ញុំសូមជូនពរប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ​ សុខភាពល្អ​ និងរកទទួលទានកាន់តែរីកចំរើន ៕ ដោយ ៖ វណ្ណៈ

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print