សៀមរាប៖ឪពុកបង្កើតបានបោកកូននឹងសសរផ្ទះបាយ បណ្តាលឲ្យសន្លប់បាត់ស្មារតី ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ហេតុការណ៍នេះ វេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។
ជនសង្ស័យឈ្មោះ ផ្លាយ វិភាត់ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប ឈ្លោះគ្នាមួយពីរ ហើយប្រពន្ធដើរទៅយកទឹក ប្តីចាប់លើកកូនរួចយកទៅបោកនឹងសសរផ្ទះបាយបណ្តាលឲ្យកូនសន្លប់មិនដឹងខ្លួន ថែមទាំងយកកាំបិតរកកាប់កូនទៀត ប៉ុន្តែបានបងប្អូនស្រែកឃាត់ទើបឈប់ ក្រោយមកបងប្អូនយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យកុមារ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្មេងរងគ្រោះឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ ១ឆ្នាំ២ខែ (ស្លាប់) ម្តាយឈ្មោះ សោម សុខុម អាយុ ២៨ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោក ម៉ឹង ចន្ដា អធិការស្រុក ប្រាសាទបាគង បានអោយដឹងនៅរសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៩ថា ក្មេងរងគ្រោះបានស្លាប់បាត់ហើយ នៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ចំណែក ឪពុកកំណាចនោះកំពុងរត់គេច សមត្ថកិច្ចកំពុងតាមចាប់៕ រិទ្ធី