អាមេរិកនិងរុស្ស៊ីជាប្រទេសមហាអំណាចយោធានៅលើពិភពលោក ហើយប្រទេសទាំងពីរតែងតែបង្កើនឥទ្ធិពល យោធារបស់ខ្លួននៅក្រៅប្រទេស ដោយបានបង្កើតទីតាំងយោធាជាច្រើន នៅជុំវិញពិភពលោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រុស្ស៊ីមានទីតាំងយោធា នៅក្រៅប្រទេសសរុប មានប្រហែល១០ ទីតាំង ក្នុងនោះមាននៅក្នុងប្រទេស Georgia ដែលជាទីតាំងមានចំនួនទាហានច្រើនបំផុត គឺជិត១ម៉ឺននាក់ ។ក្រៅពីនេះនៅមានទីតាំងយោធា នៅ ក្នុងប្រទេស Armenia ចំនួនពីរកន្លែង គឺនៅតំបន់ Gyumri និងនៅអាកាសយានដ្ឋាន Erebuni ជិតYerevan ដោយមានទាហានឈរជើងប្រមាណ៥ពាន់នាក់។
នៅក្នុងប្រទេស Belaruss រុស្ស៊ីមានទីតាំងយោធា និងស្ថានីយ រ៉ាដាប្រកាសអាសន្ននៅជិត តំបន់ Vileyka ។ ក្រៅពីនេះនៅមានទីតាំងយោធានៅ Kazakhstan , Kyrgyzstan, Tajikistan និង Moldova ។ភាគច្រើនទីតាំងយោធារបស់រុស្ស៊ីស្ថិតនៅក្នុងប្រទេស ដែលជាអតីតសហភាពស៊ូវៀត ។
ក្រៅពីនេះទីតាំងយោធាចុងក្រោយរបស់រុស្ស៊ីនៅក្រៅប្រទេស ចុងក្រោយបង្អស់គឺ នៅក្នុងប្រទេសស៊ីរី គឺទីតាំងទាហានអាកាស Khmeimin និងទីតាំងទាហានជើងទឹកនៅកំពុងផែ Tartus ។ នៅពេលនេះដែរ មានព័ត៌មានផ្សាយថា រុស្ស៊ីមានគម្រោង បង្កើតទីតាំងយោធានៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា គុយបា និងអ៊ីរ៉ង់ផងដែរ។ កន្លងមក រដ្ឋាភិបាលអ៊ីរ៉ង់បានស្នើរុស្ស៊ីដាក់ទាហាននៅក្នុងប្រទេសរបស់ខ្លួនដើម្បីទប់ស្កាត់ការឈ្លានពានពីលោកខាងលិច ប៉ុន្តែរុស្ស៊ីមិនឯកភាព។
ចំណែកអាមេរិកវិញ មានទីតាំងយោធា នៅក្រៅប្រទេស ដល់ទៅ៨០០ទីតាំង ដោយមិនគិតទាំងទីតាំងយោធាដែលអាមេរិកបានដកចេញពីប្រទេសអាហ្វហ្គានិស្ថាន និងអ៊ីរ៉ាក់ នោះឡើយ។ ទីតាំងយោធារបស់អាមេរិកនៅក្រៅប្រទេសដែលមានទាហានតិចបំផុតគឺ១០០០នាក់
តាមតួលេខរបស់ សារព័ត៌មាន Politico បានផ្សាយថា អាមេរិកបានចំណាយប្រាក់សម្រាប់ទីតាំងយោធានៅក្រៅប្រទេស មានរហូតដល់ជាង ១០០ពាន់លានដុល្លារ គឺច្រើនជាងប្រាក់ចំណាយសម្រាប់ការពារជាតិ របស់រុស្ស៊ីទៅទៀត។ ប្រសិនបើគិតទាំងប្រាសក់ចំណាយសម្រាប់សកម្មភាព យោធា វាយប្រហារនានា គឺអាចកើនឡើងរហូតដល់ទៅជាង២០០ពាន់លានដុល្លារ។
នៅអឺរ៉ុប ទីតាំងយោធាអាមេរិកធំបំផុត គឺដាក់នៅក្នុងប្រទេសអុីតាលី ក្នុងនោះមានកោះ Sicily ដោយមានទាហានរហូតដល់ទៅ១១.៥០០នាក់ ហើយអាចគ្រប់គ្រងតំបន់សមុទ្រ មេឌីទែរ៉ាណេទំាងមូល។
បន្ទាប់មក ទីតាំងយោធា ធំទីពីរគឺនៅក្នុងប្រទេសជប៉ុន និងទី៣កូរ៉េខាងត្បូង។ នៅក្នុងប្រទេសជប៉ុនអាមេរិកមានទីតាំង ៣០កន្លែងផ្សេងគ្នា ភាគច្រើនជាទីតាំងកំពុងផែសម្រាប់បម្រើដល់កងពលលេខ៧របស់កម្លាំងទាហានជើងទឹកអាមេរិក ដែលមាននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងជាច្រើន ចូលចត៕ សាធី