ខេត្តកណ្តាល៖ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបុរសទាំង២នាក់នេះជិះម៉ូតូឌុបគ្នាបោះពួយទៅបុកគូថរថយន្តដឹកទំនិញខូចឈប់ស្ងៀមនៅលើផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា បុរសទាំង២នាក់ដែលរងរបួសធ្ងន់នោះ ទី១-ឈ្មោះ លាស់ សារី ភេទប្រុស អាយុ៣០ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ លឹម រិទ្ធសាវាន់ ភេទប្រុស អាយុ១៩ឆ្នាំ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង២នាក់នេះមានទីលំនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយស្រុកមុខកំពូល ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។ ចំណែកឯរថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2E-1859 ជាប្រភេទរថយន្តដឹកទំនិញបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តនីសាន់ផ្ទុកទំនិញពេញលើរថយន្តបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកដល់ចំណុចកើតហេតុរថយន្តខាងលើនេះបានដាច់កង់ខាងមុខមួយចំហៀង ។ ដោយទៅមុខលែងរួចអ្នកបើកបរបានឈប់រថយន្តនៅលើទ្រូងផ្លូវ ដើម្បីជួសជុលស្របពេលនោះជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាបើកទៅដល់បុករថយន្តចំពីក្រោយពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រក្នុងរាជធានីភ្នំពេញ ។ ដោយឡែករថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ