ភ្នំពេញ៖ ដំណឹងនៃការធ្លាក់ខ្លួនឈឺរូបរាងកាយស្គមរីងរៃ របស់អតីតតារាចម្រៀង សែម សង្វាត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង។ លោកទទួលបានក្តីអាណិតអាសូ រួមទាំងការជួយខ្លះៗពីបណ្តាសប្បុរសជននានាក្រោយពីដឹងថាលោកមានជំងឺប្រចាំកាយជាច្រើនមុខ។
ក្រៅពីសប្បុរសជនមួយចំនួនក្នុងនោះក៏មានសិល្បករ ពិសេសមិត្ត អតីតសមាជិកក្រុម EV Band មានលោក ឃុំ ប៉ុណ្ណាដែត អ្នកនាងយក់ ថិតរដ្ឋា និងអ្នកនាងឱក សុគន្ធកញ្ញា បានជួយឧបត្តម្ភ រួមទាំងផ្តល់កម្លាំងចិត្តដល់តារាចម្រៀងអភព្វរូបនេះ។ លោកក៏ត្រូវបានជួយសង្គ្រោះពិនិត្យព្យាបាលតាមរយៈការជ្រោមជ្រែងពីសំណាក់សមាគមសិល្បករខ្មែរ និងសប្បុរសជនមួយចំនួនផងដែរ។
តាមរយៈការបញ្ជាក់របស់លោកហេង ឡុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា សមាគមសិល្បករខ្មែរ សហការជាមួយពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានរ៉ាប់រងលើការព្យាបាលចំពោះតារាចម្រៀង សែម សង្វាត ដែលកំពុងឈឺធ្ងន់ជំងឺច្រើនមុខ។
ការពិនិត្យ និងព្យាបាលត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ។លោកមានជំងឺសាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាម។
គួរបញ្ជាក់ដែរថាលោកសែម សង្វាត់គឺជាអតីតសមាជិកក្រុម EV Bandរួមជាមួយ អ្នកនាង យក់ ឋិតរដ្ឋា លោក បូរ វិចិត្រ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឃុំ ប៉ុណ្ណាដែត។ជាង១៥ឆ្នាំហើយដែលខ្សែជីវិតអភព្វរបស់អតីតតារាចម្រៀងសែមសង្វាតទើបនឹងត្រូវបានទម្លាយជាមួយនឹងរូបរាងស្គមស្គាំងមានជំងឺប្រចាំកាយគួរឲ្យអាសូ។ លោកសែម សង្វាត បានបាត់មុខចេញឆ្ងាយពីវិស័យសិល្បៈ ធ្វើឲ្យក្រុមអ្នកគាំទ្រ ក៏ដូចជាមហាជនមានសេចក្ដីនឹករលឹក ដល់រូបលោកជាខ្លាំង។
ម្ចាស់បទ «សំបុត្រស្នេហ៍ក្នុងសៀវភៅអូន»រូបនេះធ្វើឲ្យទស្សិកជនកាន់តែអាណិតក្រោយពីដឹងថា តាមការបញ្ជាក់របស់លោក សែម សង្វាត់បានលើកឡើងថាក្រោយពីបញ្ចប់ជីវិតជាតារាចម្រៀង នៅឆ្នាំ ២០០៤ លោក បានចាប់ផ្ដើមជីវិតគ្រួសារដោយរៀបការជាមួយនារីម្នាក់ និង ចាប់ដៃគ្នាបង្កើតមុខរបររកស៊ី នៅឯក្រុងប៉ោយប៉ែត ប៉ុន្តែការរកស៊ីរបស់លោក ហាក់ដូចជាមិនរលូនទៅមុខសោះ ចេះតែខាតបង់ប្រាក់។
លោកបានត្រឡប់មកភ្នំពេញវិញ កាលពីកំឡុងឆ្នាំ ២០១៥ ក្រោយពីបែកបាក់ជាមួយគ្រួសារ បន្សល់ទុកតែកូនប្រុស ៣នាក់ ម្ដាយចាស់ជរាម្នាក់ និងបងស្រីជីដូនមួយម្នាក់ ស្ថិតនៅក្នុងបន្ទុក ដែលលោកត្រូវចិញ្ចឹមបីបាច់ មើលថែតែម្នាក់ឯង។
លោកជួបប្រទះនឹងការលំបាកច្រើនព្រោះតែជំងឺប្រចាំកាយធ្វើទុក្ខ ខណៈដែលកូនៗសុទ្ធតែស្ថិតក្នុងវ័យសិក្សា។ កូនប្រុសច្បងរបស់លោក ឆ្នាំនេះចូលរៀនថ្នាក់សាកលវិទ្យាល័យហើយ ចំណែកកូនទី ២ និងទី៣ ក៏សុទ្ធតែស្ថិតក្នុងវ័យ ត្រូវបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ និងភាសាបរទេស៕ ដោយ វឌ្ឍនា