លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងមកការពារសេចក្តីព្រាងច្បាប់នៅរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមកការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជា ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី “វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU ” នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាននេះឆ្លងសម័យប្រជុំលើកទី២ នីតិកាលទី នៃរដ្ឋសភានាពេលនេះ។ លោករដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិក សមាជិកានៃអង្គប្រជុំដ៏ ឧត្តុងឧត្តមអំពីគោលបំណងនៃកិច្ចព្រមព្រៀងគឺទី១. ប្រើប្រាស់យន្តការច្បាប់ដើម្បីលុបបំបាត់ IUU តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឲ្យមានប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រឲ្យមានចីរភាព និងនិរន្តរភាព។ ទី២. ធ្វើ ការទប់ស្កាត់ផលនេសាទ IUU ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយបានចូល ជាធរមាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។
បច្ចុប្បន្ន មាន៦០ ប្រទេសរួមទាំងសហភាពអឺរ៉ុបបានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះ ក្នុងនោះប្រទេសជាសមាជិកអាស៊ានចំនួន៥ រួមមានប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាមក៏ជាសមាជិកផងដែរ។ កិច្ចព្រមព្រៀងច្បាប់នេះ គឺជាឯកសារគតិយុត្តិដ៏សំខាន់តែមួយគត់ដែលមានគោលបំណងប្រយុទ្ធប្រឆាំង IUU។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី សម្រេចយល់ព្រមបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ៣មាត្រា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាតាមរយ:កិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា៖ លើកកម្ពស់ការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំង IUU ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជល ផល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយកម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹង IUU និងជាពិសេសអាចឲ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាអនុម័តដោយទទួលបានសម្លេងគាំទ្រ ១១២ លើ ១១២៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print