ខេត្តព្រះវិហារ ៖ រថយន្តសាំយុង១គ្រឿង ម្ចាស់រកស៊ីដឹកប្រេងចំនួន២៥ប៊ីដុង ចំណុះ១កាដុង ៣០លីត្រ ស្មើនឹង៧៥០លីត្រ ខណៈកំពុងចរាចរណ៍នៅលើដងផ្លូវបានឆ្លងចរន្តអគ្គិសនីរាលដាលបណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បន្សល់ទុកតែគ្រោងដែកប៉ុណ្ណោះ ។
ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៩ មានទីលំនៅភូមិសុះ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ប្រភពព័ត៌មានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ដេង វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករលក់ដូ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ និងរថយន្តម៉ាកសាំយ៉ុងពណ៍ស ពាក់ស្លាកលេខកំពង់ចាម 2A.4297 ។
នគរបាលបន្តថា ក្រោយឆ្លងភ្លើងឆេះ រថយន្តបានខូចខាតបំផ្លាញអស់ទាំងស្រុង ប្រេងម៉ាស៊ូតចំនួន២៥កាដុង ចំណុះ១កាដុង៣០លីត្រ ស្មើនឹង៧៥០លីត្រ ប្រេងសាំងចំនួន២ពុយ ស្មើនឹង៤៤០លីត្រ ស្រាបៀចំនួន៣០កេស ទឹកផ្លែឈើចំនួន២០កេស និងឯកសារសម្គារ:លើរថយន្ត មួយចំនួនទៀត ។
នគរបាលបញ្ជាក់ពីមូលហេតុថា ការដឹកជញ្ជូនប្រេងខុសលក្ខណៈបច្ចេកទេស និងទុស្សេចរន្តអគ្គីសនីរថយន្តទើបបណ្តាលឲ្យផ្ទុះឆេះរថយន្តបែបនេះ ។
ចំពោះករណីនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុបចំនួន១៥នាក់រួមមាន ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំត្បែងពីរ ចំនួន០៣នាក់ , កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំនួន០៦នាក់ , កម្លាំងផ្នែកសឹងរងស្រុកចំនួន០៤នាក់ , កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន០២នាក់ , រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុក ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ៕ ដោយ ៖ វណ្ណៈ