ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបាន បើករថយន្តទំនើបមួយគ្រឿង ចុះពីលើស្ពានជ្រោយចង្វាយ៉ាង លឿនជ្រុលទៅបុកកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ចំណែករថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលឡើងសួនរង្វង់មូលព្រុំមុខបួន ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចគល់ស្ពានជ្រោយចង្វាប៉ែកខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខខេមរ:ភូមិន្ទ 01.2.1366 ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វា ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅមុខកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HQ 0545 បើកដោយបុរសម្នាក់ ស្របគ្នាខាងមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសបែកក្បាល រីឯរថយន្តមិនទាន់អស់ល្បឿនបានជ្រុលឡើងរង្វង់មូលតាព្រហ្ម ធ្វើឲ្យបាក់ដើមឈើបីដើម ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែង យករថយន្តបង្ក និងកង់បីឥណ្ឌា ទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ
...