ជាច្រើនសប្តាហ៍កន្លងមក កោះហុងកុងប្រឈមនូវអំពើហឹង្សា ដោយសារតែផ្ទុះបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កោះហុងកុង ចេញច្បាប់បញ្ជូនអ្នកទោសទៅកាន់ចិនដីគោក ។ បាតុកម្មនោះបានអូសបន្លាយជាច្រើនសប្រាហ៍កន្លងមក កា្លយទៅជាបាតុកម្មហិង្សា រវាងប៉ូលិសហុងកុង និងបាតុករ ។
កន្លងមកក្រុមបាតុកម្មវាយបំណែងរនាំងការពារចូលទៅគ្រប់គ្រងអាគាររដ្ឋសភា ប៉ុន្តែត្រូវបានកងកម្លាំងប៉ូលិសបង្ក្រាបបាតុកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុរទាំងនោះ ហើយបានគ្រប់គ្រងស្ថានការទាំងស្រុង នៅទីតាំងអគាររដ្ឋសភានោះឡើងវិញ ។ មេដឹកនាំដែនដីហុងកុង លោកស្រី Carrie Lam បានថ្លែងថ្កោលទោសអំពើហិង្សា និងការដណ្តើមគ្រប់គ្រងអគាររដ្ឋាភិបាល ពីសំណាក់ហ្វូងបាតុករនៅពេលនេះ ។ លោកស្រីបានថ្លែងថា វាជារឿងគួរឲ្យរន្ធត់ចិត្ត និងតក់ស្លុតបំផុត ។
ហេតុការខាងលើកើតឡើងដោយសារតែច្បាប់ធ្វើបត្យាប័ន ពីហុងកុងទៅចិនដីគោក បាននាំឲ្យមានរលកបាតុកម្មពីពលរដ្ឋហុងកុងរាប់ពាន់នាក់ ប្រឆាំងរដ្ឋាភិបាល ទាមទារឲ្យលុបច្បាប់ និងទាមទារឲ្យមេដឹកនាំដែនដីនេះចុះចេញពីតំណែង ដែលអូសបន្លាយមកដល់ពេលនេះ ៣សប្តាហ៍មកហើយ ។
ស្នងការប៉ូលិសក្រុងហុងកុង លោក Stephen Lo បានថ្លែងថា «បាតុករ ធ្វើសកម្មភាពហិង្សា រុលទៅមុខហួសពីដែនកំណត់ ស្តីអំពីការទាមទារ ឬបាតុកម្មដោយសន្តិវិធី» ។
ពុំមានការផ្សាយពីគ្រោះថ្នាក់ របួស ឬស្លាប់ ទាំងខាងបាតុករ និងខាងប៉ូលិសនោះទេ អំឡុងពេលហេតុការណ៍ ប៉ះទង្គិចគ្នា ។ក្រុមបាតុករបានទាមទារឲ្យលោកស្រី Carrie Lam លាលែងពីតំណែងផងដែរ តាមអ្វីដែលពួក គេយល់ឃើញថា គឺដើម្បីសង្គ្រោះសិទ្ធិសេរីភាពនៅហុងកុងដែលត្រូវបានរិតត្បិតជាយូរឆ្នាំមកហើយនោះ ។
ពាក់ព័ន្ធនិងស្ថានភាព ខាងលើនេះប្រព័ន្ធផ្សព្វផ្សាយចិនបានថ្កោលទោសយ៉ាងខ្លាំង នឹងចោទប្រកាន់ចលនាបាតុកម្មនៅហុងកុង ថាបង្កអស្ថិរភាពសេដ្ឋកិច្ច និងសង្គម២ថ្ងៃបន្ទាប់ ពីចលនាបាតុកម្មនៅហុង កុង បានផ្ទុះឡើងកាន់តែខ្លាំង រហូតឈានទៅដល់ ការចូលទៅលុកលុយ ដល់ខាងក្នុងអាគារសភាហុងកុង បណ្តាញព័ត៌មានរដ្ឋចិន បានសរសេរចុះផ្សាយ ដោយបានចោទថ្កោលទោស ចលនាបាតុកម្មរបស់ប្រជាជន ហុងកុងនេះ ថាជាសកម្មភាពបង្កអស្ថិរភាពដល់សង្គម និងសេដ្ឋកិច្ចហុងកុង។ ការសរសេរថ្កោលទោសនេះ អាចមានន័យថា រដ្ឋអំណាចចិនប៉េកាំង អាចនឹងចាត់វិធានការ បង្រ្កាបដោយកម្លាំង ទៅលើចលនាបាតុកម្មនៅហុងកុង។
កាសែតប្រជាជនចិន ដែលជាបណ្តាញព័ត៌មាននៃគណបក្សកុម្មុយនីស្តចិន បានសរសេរចុះផ្សាយ ថា រឿងរ៉ាវមិនយល់ស្របគ្នា ឬក៏វិវាទដែលមាននៅហុងកុង វាហាក់ដូចជាគ្មានអ្វីធ្ងន់ធ្ងរខ្លាំងឡើយ។ ប៉ុន្តែ បើសិនជាចលនាតវ៉ានេះ ប្រែក្លាយទៅជាសកម្មភាពហិង្សា អាណាធិបតេយ្យ បង្កអសន្តិសុខ អស្ថិរភាព និងការបែកបាក់នយោបាយ នោះគឺវាជាផលអាក្រក់ខ្លាំងណាស់ ដល់សង្គម និងសេដ្ឋកិច្ចហុងកុង។
សារព័ត៌មានដែលជាឧបករណ៍ឃោសនារបស់រដ្ឋចិននេះ បានបន្តថា៖ ក្នុងនាមជាប្រទេសនីតរដ្ឋ អជ្ញាធរចិន មិនអាចឈរឱបដៃ ឲ្យក្រុមជនជ្រុលនិយមមួយក្តាប់តូច ធ្វើសកម្មភាពហិង្សានៅហុងកុង បានឡើយ។ ហុង កុង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុដ៏សំខាន់ នៃពិភពលោក ហើយចលនាបាតុកម្មហិង្សាកន្លង មក បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់កិត្តិយសមុខមាត់ និងភាពជាទីទុកចិត្តរបស់ហុងកុង។
ដោយឡែក កាសែត China Daily ផ្សាយជាភាសាអង់គ្លេស បានចុះផ្សាយដោយបាន លើកឡើងពីការចូលរួមអុជអាល ពីសំណាក់ប្រទេសមួយចំនួន ដូចជាសហរដ្ឋអាេមរិក និងអង់គ្លេស។ កាសែតចិនជាភាសាអង់ គ្លេសនេះ សរសេរបរិហារដោយចំៗ ថាអង់គ្លេស និងសហរដ្ឋអាេមរិក មានចិត្តជាផ្លែល្វា ខំអំពាវនាវកុំឲ្យមានអំហិង្សានៅហុងកុង តែដោយភ្លេចគិតថាគឺខ្លួនឯងទេ ដែលបានចូលរួមជំរុញ ឲ្យបាតុករផ្ទុះកំហឹង ធ្វើសកម្មភាពហិង្សា។
នៅថ្ងៃពុធនេះដែរ សារព័ត៌មានកងទ័ពបដិវដ្តន៍ចិន បានចុះផ្សាយរូបថតជាច្រើនសន្លឹក ដែលបង្កាញពីការធ្វើសកម្មភាពហ្វឹកហាត់ សមត្រៀមកម្លាំង របស់កងទ័ពចិន ដែលប្រចាំការនៅហុងកុង។
គួរកត់សំគាល់ថា តាមធម្មតា វត្តមានរបស់កងទ័ពបដិវដ្តន៍ចិន ប្រចាំនៅហុងកុង គឺតែងតែមានភាពស្ងាត់ស្ងៀម មិនសូវបង្ហាញមុខទេ ដោយមិនចង់ឲ្យមានការទើសទាល់ ដល់ប្រជាជនហុងកុង។ លោក Ni Lexiong សាស្ត្រាចារ្យនៅវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ ក្រុងសៀងហៃ បានលើកឡើងថា ការចុះផ្សាយរូបភាពសមយុទ្ធយោធាទាំងនេះ គឺជាសារគំរាមពិតណាស់ ទៅដល់បាតុករហុងកុង ថាកងទ័ពចិន អាចនឹងចេញប្រតិបត្តិការប្រើកម្លាំងបង្ក្រាប។
តែយ៉ាងណា លោក James Char សាស្ត្រាចារ្យនៅសកលវិទ្យាល័យបច្ចេកទេស Nanyang នៅសិង្ហបុរី បានលើកឡើងថា អន្តរាគមន៍យោធាចិន នៅហុងកុង មិនអាចធ្វើទៅរួចនោះទេ ព្រោះចិនមិនអាចលាក់បាំងការពិតបាន ដូចកាលពីឆ្នាំ១៩៨៩ នៅទីលានធានអានមិន បានឡើយ។ បើចិនហ៊ានធ្វើរឿងបែបនេះ នៅហុងកុង មែន ពិភពលោកទាំងមូល នឹងធ្វើជាសាក្សី នៃអំពើព្រៃផ្សៃរបស់ចិន ៕ ដោយ ៖ ម៉េវសាធី