ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌ្រីសង់មួយគ្រឿងត្រូវរថយន្ដបាឡែនបើកបុកពីក្រោយពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ ហើយរថយន្ដបើករត់គេចខ្លួនបាត់ដោយបន្សល់ស្លាកលេខរថយន្ដនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ២ ខាងត្បូងក្រុមហ៊ុនបារីសេកប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1G-3210 ធ្វើដណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដមួយគ្រឿងម៉ាក បាឡែន ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AB-6626 បើកក្នុងល្បឿនលឿនបានមកបុកពីក្រោយពេញទំហឹងបណ្ដាលអោយម៉ូតូប៉ើុងប្រហែល១០ម៉ែត្រនិងបុរសអ្នកជិះម៉ូតូរងបួសធ្ងន់។
ប្រភពដដែលបានបន្តថា ក្រោយពីបុកហើយរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោល តែរថយន្ដបានធ្លាក់ស្លាកលេខនៅកន្លែងកើតហេតុ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងនិងបានហៅរថយន្ដសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលចាក់អង្រែលើដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកវិញ ៕
ដោយ៖ ភារ៉ា ដង្កោ