ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាក់ថា៖បញ្ហាសណ្តាប់ធ្នាប់ចរាចរ និងសំរាម ជាបញ្ហាប្រឈមនៅរាជធានីភ្នំពេញដូច្នេះទេអាជ្ញាធរ ខណ្ឌទាំង១៤និងសង្កាត់ទាំងអស់ត្រូវរួមគ្នាអនុវត្តការងារនេះឲ្យ មានប្រសិទ្ធភាពដើម្បីឲ្យឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃពុធ៩កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីបន្តការដាក់វិធានការទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ បញ្ហាបរិស្ថាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសនៅរាជធានីភ្នំពេញ ។ទន្ទឹមនិងការរីកចំរើននេះប្រមុខដឹកនាំកម្ពុជាក៏បានបង្ហាញនូវបញ្ហាប្រឈមចំនួន២ផងដែរនៅគឺបញ្ហាសណ្តាប់ធ្នាប់ចរាចរនិងសំរាមដែលទាមទារឱ្យអាជ្ញាធរមូល ដ្ឋានបង្កើនការយកចិត្តទុកដាក់ឱ្យបានកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត ។
លោកឃួង ស្រេង ក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងសណ្ឋាគារ និងខុនដូដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពក្នុងរាជធានីភ្នំពេញបន្ថែមទៀតជាពិសេសការជូនដំណឹងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មដែលមាន ផ្ទះល្វែងជួលឬលក់រថយន្តនិងលក់សំបុត្ររថយន្តក្រុងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ក្រៅពីនេះក៏នៅមានបញ្ហាផ្សេងមួយចំនួនទៀតដូចជាអនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈតាមដងផ្លូវពិសេសនៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់និងគ្មានសណ្ដាប់ធ្នាប់ដែលគណៈប្រតិភូឆ្លងកាត់ផងដែរ ៕ ដោយ៖ សំរិត