ភ្នំពេញ ៖ គល់ឈើប្រភេទធ្នង់មួយដើម ដុះរាប់រយឆ្នាំមកហើយ មានទំហំប្រមាណ៨០សង់ទីម៉ែត្រ ប្រវែងដើមជាង៤ម៉ែត្រ ដែលមានទីតាំងក្បែរខ្ទមអ្នកតា ស្ថិតក្នុងភូមិស្រែញ័រ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជាទីកន្លែងពលរដ្ឋគោរពបូជា លើអបិយជំនឿ ត្រូវបានជនទុច្ចរិតមួយក្រុមធ្វើសកម្មភាពយកគ្រឿងចក្រមកជីកកកាយលើកយកដាក់លើរថយន្ត ប៉ុន្តែមិនបានសម្រេច ព្រោះប្រជាពលរដ្ឋឃើញ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចមានវិធានការឃាត់ខ្លួន ។
ហេតុការណ៍ជនទុច្ចរិតលួចគាស់យកគល់ឈើធ្នង់មានតម្លៃខាងលើនេះ កើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចប្រឡាយភ្លឺស្រែ ស្ថិតភូមិស្រែញ័រ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថា ដើមធ្នង់មួយដើមខាងលើនេះ ដុះរាប់រយឆ្នាំមកហើយ ដោយមានមុខកាត់ខាងគល់ ប្រមាណ៨០សង់ទីម៉ែត្រ ប្រវែងដើមជាង៤ម៉ែត្រ មានតម្លៃរាប់ម៉ឺនដុល្លារ ។ គល់ឈើនេះដុះនៅចំណុចក្បែរខ្ទមអ្នកតា ដែលជាកន្លែងប្រជាពលរដ្ឋតែងនាំគ្នាគោរពបូជា លើអបិយជំនឿ ។
ទោះយ៉ាងណា ជនសង្ស័យទាំង៥នាក់ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីពលរដ្ឋបានរាយ ការណ៍ពីសកម្មភាពក្រុមជនទុច្ចរិតបានយករថយន្តស្ទូច ជីកកាយលើកយកដាក់លើរថយន្តបម្រុងដឹកចេញពីកន្លែងកើតហេតុ ។
ជនសង្ស័យបានបំភ្លឺនៅចំពោះអាជ្ញាធរមានសមត្ថកិច្ចថា ពួកគេបានទិញតម្លៃ១០០ដុល្លារ ពីជនម្នាក់ តែមិនបានប្រាប់ពីអត្តសញ្ញាណឡើយ ។
ជុំវិញរឿងហេតុខាងលើ លោកចៅសង្កាត់ពងទឹកបានបញ្ជាក់ថា ដើមឈើធ្នង់នោះបានដាក់ដាំវិញហើយ គឺនៅកន្លែងដដែល ។ ដោយឡែកក្រុមជនសង្ស័យទាំង៥នាក់ អាជ្ញាធរបាននាំខ្លួនប្រគល់ជូនខាងមេព្រៃដើម្បីចាត់ការតាមច្បាប់បន្ត ៕ ដោយ ៖ ជាយក្រុង