ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣៧នាទី សមត្ថកិច្ច បានទទួលព័ត៌ មានតាមរយៈទូរស័ព្ទពីភ្នាក់ងារសម្ងាត់ក្នុងមូលដ្ឋានថា មានជនមិនស្គាល់អត្តសញ្ញាណទើបចេញពី ថៃម្នាក់ មានកាំភ្លើងខ្លីមួយដើមលាក់ទុកជាប់តាមខ្លួន ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងប៉ុស្តិ៍ បានចុះទៅដល់គោលដៅ ដែលជនខាងលើស្នាក់នៅនិងបានឃាត់ខ្លួនឆែកឆេរឃើញកាំភ្លើងខ្លីម៉ាក រ៉ូឡូ ផលិតនៅប្រទេសថៃ មានលេខ៥១៨៩៩ គ្មានគ្រាប់ពិតប្រាកដមែន និងបាននាំមកសាកសួរនៅប៉ុស្តិ៍ ដោយជនខាងលើមានឈ្មោះ ហួន សុខា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់ នៅប្រទេសថៃ ទីលំនៅបច្ចុប្បន្នភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ហាន មុំ អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ក្នុងមូលដ្ឋាន មានកូនពីរនាក់។
ករណីខាងលើនេះ បើតាមចម្លើយបឋមសារភាពថា កាំភ្លើងខាងលើនេះ រើសបាននៅអូរស្មាច់ កាលប្រហែល៣ឆ្នាំមុន ហើយលាក់ទុកក្នុងចេតិយនៅវត្តគីរីមង្គលអូរស្មាច់ លុះនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ចេញពីថៃមកតាមច្រកអូរស្មាច់ ក៏ទៅយកកាំភ្លើងលាក់ទុកនោះ មកវិញក្នុងគោលបំណងលក់ តែចៃដន្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងសាកសួរនិងបញ្ជូនទៅកម្លាំងជំនាញក្រុងអនុវត្តន៍តាមនីតិវិធី ៕ ប៉ែន នួន