ប៉ែន សារ៉ាវ បានតំណែងពិធីករក្នុងកម្មវិធីដំណើរផ្សងព្រេង”កម្ពុជាក្នុងខ្សែភ្នែក”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងលោក ប៉ែន សារ៉ាវ ទើបនឹងទទួលបានតំណែងជាពិធីករក្នុងកម្មវិធីដំណើរកម្សាន្តផ្សងព្រេងមួយដ៏ចាប់អារម្មណ៍គឺកម្មវិធី “កម្ពុជាក្នុងខ្សែភ្នែក”។ ទោះប្រឈមនឹងការលំបាកច្រើនបន្តិចក៏តារាប្រុសរូបនេះជម្នះនឹងការផ្សងព្រេងទៅកាន់តំបន់កម្សាន្ត ទេសភាពប្លែកជាច្រើននៅកម្ពុជា។

តារាសម្តែង ប៉ែន សារ៉ាវ ត្រូវបានទស្សនិកជនទទួលស្គាល់ថាមានជំនាញច្រើនទាំងការច្រៀង សម្តែង និងពិធីករ។ តារាប្រុសរូបនេះក្តោបបានតំណែងការងារសិល្បៈជាច្រើនក្នុងដៃក្រោយពីផលិតករជាច្រើនពេញចិត្ត និងសមត្ថភាព ទេបកោសល្យ។ អ្វីដែលគេចាប់អារម្មណ៍តារាប្រុសរូបនេះបានកាន់ការងារជាពិធីករក្នុងកម្មវិធីថ្មីរបស់ទូរទស្សន៍CTV8HD គឺកម្មវិធី “កម្ពុជាក្នុងខ្សែភ្នែក”​ដែលមានលោកតែម្នាក់ឯងប៉ុណ្ណោះក្នុងការងារផ្សងព្រេងនេះ។

តារាប្រុសរូបនេះបញ្ជាក់ថា លោកពិតជាពេញចិត្តនឹងការងារថ្មីពិសេសនេះព្រោះស្របតាមចំណង់ចំណូលចិត្តនៃការដើរកម្សាន្តបែបផ្សងព្រេងទៅកាន់តំបន់កម្សាន្ត ឬតំបន់ប្លែកៗដែលគេពិបាក និងកម្រទៅដល់។ លោកថា ក្រោយការថតប៉ុន្មានវគ្គកន្លងមកនេះលោកទទួលបានការគាំទ្រច្រើន ដែលជាកម្លាំងចិត្តក្នុងតស៊ូការធ្វើដំណើរទៅកាន់តំបន់ប្លែកៗ បើទោះបីជាពេលខ្លះប្រឈមនឹងគ្រោះថ្នាក់។

ទន្ទឹមគ្នានេះលោកក៏សរសើរអ្នកផលិតកម្មវិធី និងក្រុមការងារទាំងអស់ដែលបានព្យាយាមស្វែងរកទីតាំងផលិត និងសហការគ្នាក្នុងការនាំយកទេសភាព ទិដ្ឋភាពស្រស់ស្អាតប្លែកនៅកម្ពុជាមកផ្សាយជូនទស្សនិកជនទស្សនាកម្សាន្ត។ លោកថាកម្មវិធីនេះមានផ្សាយរៀងរាល់ថ្ងៃចន្ទ និងអង្គារវេលាម៉ោង៧នឹង៣០នាទីយប់។

លោកបញ្ជាក់ដែរថា ក្រៅពីការងារជាពិធីករនេះលោកក៏ទើបនឹងចុះកិច្ចសន្យាថតភាពយន្តភាគថ្មីសម្រាប់ទូរទស្សន៍ PNNផងដែរក្រោយពីភាពយន្តរឿង”ផ្កាយមា”ដែលលោកជាតួអង្គសំខាន់មួយបាននឹងកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN នោះ។

លោករំពឹងដែរថាសម្រាប់ចុងឆ្នាំនេះលោកនឹងនៅតែបន្តទទួលបានការងារសិល្បៈជាបន្តបន្ទាប់ ទាំងការសម្តែង ច្រៀង និងពិធីករ ហើយរំពឹងថាទស្សនិកជននឹងបន្តគាំទ្ររាល់ស្នាដៃសិល្បៈរបស់លោកជាបន្តបន្ទាប់នេះផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print