លិខិតមិត្តអ្នកអាន ៖ ផលិតទឹកក្រូច​អត់គុណភាពរហូតក្លាយជាអ្នកមាន ចង់ចាប់មន្ត្រីអនុវត្តច្បាប់ដាក់គុកទៀត?

ចែករំលែក៖

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចែករំលែកតៗគ្នាជាច្រើន​អំពីករណីឈ្មួញ​មានមុខមាត់ម្នាក់ នៅកណ្តាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ មានបាន​រហូតក្លាយជាអនុប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តនេះ ដោយសារតែការផលិតទឹកក្រូច ឬទឹកសុទ្ធ​មិនតាមស្តង់ដារនៃផលិតផល​ ។ នៅពេលដែល​អាជ្ញាធរមានសមត្ថកិច្ច​ចុះបង្ក្រាប​ ឥឡូវនេះ ក្នុងភាពមិនច្បាស់លាស់ អ្នកដែលចុះបង្ក្រាប​ត្រូវប្រឈមនឹងការប្តឹងបក​ពីថៅកែ​ទឹកក្រូចឈ្មោះ លឹម ភ័ណ្ឌ ទៅតុលាការ ពីព្រោះថា សិប្បកម្មផលិតទឹកក្រូចរបស់ខ្លួន​មានច្បាប់ត្រឹមត្រូវ ។ សម្រាប់ខ្ញុំបាទ​ជាប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​ កំពុងរង់ចាំមើលថា តើ​ឈ្មួញ​មានលុយ​អាចកម្ចាត់មន្ត្រី​ធ្វើការមិនច្បាស់លាស់បានដែរឬទេ ។

នៅក្នុងរូបភាពដែលបានចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺការផលិតទឹកក្រូចរបស់ថៅកែ លឹម ភ័ណ្ឌ មើលទៅ​មិនតាម​ស្តង់ដារ ឬអាចនិយាយបានថា ជាការបង្ហូរ​ទឹកច្រកដបយកលុយតែម្តង ។ ទង្វើបែបនេះ គឺជាការចាក់សម្លាប់សុខភាព​ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ បើទោះបីជាម្ចាស់សិប្បកម្ម អះអាងថា ខ្លួនមានច្បាប់អនុញ្ញាតក៏ដោយ ។ ខ្ញុំបាទ​យល់ថា បើទោះជាមាន​ច្បាប់អនុញ្ញាតយ៉ាងណា ក៏ច្បាប់មិនអនុញ្ញាតឲ្យមានការបង្ហូរទឹកលាយសារធាតុគីមីជារបៀបទឹកក្រូចច្រកក្នុងដបយ៉ាងដូច្នោះដែរ ។

រូបភាពបែបនេះ គឺបញ្ជាក់ច្បាស់ថា ការផលិតទឹកក្រូចរបស់ថៅកែលឹម ភ័ណ្ឌ​មិនដែលអនុញ្ញាតឲ្យមន្ត្រីជំនាញ​ចូលទៅពិនិត្យ​ម្តងណាឡើយ ឬក៏អាចនិយាយបានថា ពួកមន្ត្រី​នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ បានត្រឹមតែចុះហត្ថលេខា​ចេញច្បាប់រួចយកលុយ ពីថៅកែលឹម ភ័ណ្ឌ ដោយមិនខ្វល់ថា តើប្រព័ន្ធផលិត​ទឹកក្រូចនោះយ៉ាងណាទេ ។ ទង្វើបែបនេះ ពួកមន្ត្រី​នៃមន្ទីរឧស្សាហក្ម និងសិប្បកម្ម ក៏មានចំណែកខុស​​ក្នុងរឿងនេះដែរ ។

មិនដឹងថា តើមានពលរដ្ឋខ្មែរប៉ុន្មានសែននាក់ទៅហើយទេ ដែលទទួលទានទឹកក្រូចផលិតដោយសិប្បកម្ម​លឹម ភ័ណ្ឌ នៅខេត្តកំពង់ធំនោះ ។ ដូចក្នុងរូបភាពនេះ តើវា ជាផលិតផលដែលប្រកបទៅដោយគុណភាពសម្រាប់អ្នកប្រើប្រាស់ឬយ៉ាងណា? ក្នុងនាម​ប្រជាពលរដ្ឋម្នាក់ ពិតជាហួសចិត្តណាស់​នៅពេលដែលឮថា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ពោលគឺថៅកែសិប្បកម្ម​ផលិតទឹកក្រូចលឹម ភ័ណ្ឌ កំពុងសិក្សាផ្លូវច្បាប់ប្តឹងបកពួកមន្ត្រី​នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ ដែល​ចេញច្បាប់ឲ្យខ្លួនហើយ បែរជានាំកម្លាំងទៅបង្ក្រាបវិញនោះ ។ រឿងនេះ កំពុងតែវ៉ល់ ក្នុងចំណោមន្ត្រី​ ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ពីព្រោះថា ស្រួលសមិនស្រួល ឈ្មួញមានលុយប្តឹងបកមន្ត្រីពុករលួយឲ្យជាប់គុកវិញ ក៏ថាបាន ។

ប៉ុន្តែសម្រាប់ខ្ញុំបាទ ដែលបានមើលឃើញរូបភាព ចែករំលែកនៅតាមបណ្តាញសង្គមហ្វេសប៊ុកតៗគ្នានោះ គឺការផលិត​ទឹកក្រូចបែបនេះ គ្មានអ្វី​ដែលហៅថាស្តង់ដារ នោះឡើយ ។ មិនតែប៉ុណ្ណោះ វាជាការរំលោភសិទ្ធិក្រុមហ៊ុនផលិតទឹកក្រូចដទៃទៀតនោះដែរ ។ ប្រសិនបើច្បាប់​ត្រូវបានអនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​មែននោះ ថៅកែសិប្បកម្មផលិតទឹកក្រូចឈ្មោះ លឹម ភ័ណ្ឌ នៅខេត្តកំពង់ធំនេះ មិនអាចគេចរួចពីសំណាញ់​ច្បាប់បានឡើយ មិនតែប៉ុណ្ណោះ ត្រូវសងជីវិតប្រជាពលរដ្ឋដែលបានរងគ្រោះដោយការទទួលទាន​ទឹកក្រូច​របស់ខ្លួននោះទៀតផង ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ខាងណាមានប្រៀបឈ្នះនោះទេ ពីព្រោះឈ្មួញមានលុយ ឯពួកមន្ត្រី​ក៏ធ្លាប់ទទួលបានលាភសក្ការ​ពីឈ្មួញលឹម ភ័ណ្ឌនេះដែរ ។ រឿងនេះ រាស្ត្រកំពុងចាំមើល តើនរណាចាញ់ នរណាឈ្នះ? ៕ ប្រជាពលរដ្ឋម្នាក់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print