យុវជន សួង នាគព័ន្ធ ដែលដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី ត្រូវតុលា ការចេញដីកាឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ លោកឯក ប៉ូលីហ្វី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា នេះ សម្រេចឃុំខ្លួន បុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណី ដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធសព បណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ ប្រឆាំងនឹងការហាមឃាត់របស់អាជ្ញាធរដែនដីនោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

យុវជនរូបនេះឈ្មោះ សួង នាគព័ន្ធ អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលលេខ៤១ បន្ទប់លេខ០៤ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខងារជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ សួង នាគព័ន្ធ, ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ត្រូវបានកម្លាំងនគរ បាលខណ្ឌចំការមនឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅពេលដែលពួកគេ ដឹកនាំមនុស្សមួយក្រុម ទៅរៀបចំពិធីដុតធូប និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី នៅចំណុចស្តារម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយសាកសួរ សមត្ថកិច្ច បានដោះលែងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឲ្យមានសេរីភាពវិញ និងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ យកទៅសាកសួរ ទើបជនជាប់ចោទសារភាពថា រូបគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែ រឿងជំពាក់លុយមិនសង។

រហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការទាំង ៣ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print