ភ្នំពេញ៖កាលពីពេលថ្មីៗនេះ យុវជន គង់ រ៉ៃយ៉ា និង យុវជន សួង នាគព័ន្ធ សុទ្ធតែត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធបទល្មើសញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ នៅថ្ងៃទី១៣ ខែកក្កដា នេះ នឹងនាំអារម្មណ៍របស់ប្រិយមិត្តមកដឹងទាំងអស់គ្នាថា តើអ្វីទៅជាបទល្មើសញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ? ។
យោងតាមក្រមព្រហ្មទណ្ឌនៃកម្ពុជា ឆ្នាំ២០០៩ មាត្រា៤៩៤ បានផ្តល់លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ ថា ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត ៖ ទី១,ដោយសម្តីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅទីកន្លែងសាធារណៈ ឬ នៅក្នុងពេលប្រជុំជាសាធារណៈ ។ ទី២,ដោយសំណេរ ឬ គំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយក្នុងចំណោមសាធារណជន ឬ តាំងអោយសាធារណជនមើល ។ ទី៣,ដោយគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជន ។
ដោយឡែក មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើញុះញង់ដោយផ្ទាល់អោយប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងមធ្យោបាយដែលមានចែងក្នុងមាត្រា៤៩៤ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លាន រៀលទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ ៕ ចេស្តា