ខេត្តត្បូងឃ្មុំ ៖ មកដល់ពេលនេះ ស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានអាយុកាល២៦ឆ្នាំហេីយ សម្រាប់នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ គឺថ្ងៃរៀបចំពិធីរំលឹកខួបនៃការបង្កើតស្ថាប័នរបស់ខ្លួន ដែលប្រារព្ធធ្វេី នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ក្រោមអធិបតី ភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ពិធីនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងមន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយសរាប់រយនាក់។
សូមជម្រាបថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀត។
ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ និងដេីម្បីសារទរការបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤កក្កដា ២០១៩ផងដែរ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានសម្ពោធបើកការ ដ្ឋានសាងសង់អគារថ្មីមួយរបស់ខ្លួន ។ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលចាប់ផ្តើមបញ្ចុះបឋមសិលាកសាងនេះ គឺជាសំណង់ជំហានដំបូងនៅលើផ្ទៃដី ៣០.៧០០ម៉ែត្រការ៉េ ទំហំអគារទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ កម្ពស់៣ជាន់ប្រើប្រាស់ថវិកា ចំនួន ៦២០.០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់ប្រមាណ៣៦ខែ។ ថវិកាសម្រាប់ការសាងសង់នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចូលរួមចំនួន១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើមការដ្ឋាន ក្រៅពីនេះ និងបន្តចលនាសប្បុរសជន៕ ដោយ ៖វណ្ណៈ