ព្រឹកមិញកម្ទេចរថយន្ដដឹកឈើ៦គ្រឿងទៀត នៅស្ទឹងត្រែង តាមបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ខណៈបង្ក្រាបបាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យដុតកម្ទេចរថយន្ដប៉ាកុងដឹកឈើខុសច្បាប់៦គ្រឿងទៀត ដែលបង្ក្រាបបាននៅខេត្ដស្ទឹងត្រែង។
នាយឧត្តមសេនីយ៍ សៅ សុខា បាន
ថ្លែងប្រាប់បណ្ដាញសាព័ត៌មាន អោយដឹងថា៖ រថយន្ដដែលជាមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើ ចំនួន៦គ្រឿង ដែលកម្លាំងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅខេត្តស្ទឹងត្រែងនោះ លោកបានបញ្ជាឲ្យដុតកម្ទេចចោល នៅនឹងកន្លែងតែម្ដង។
សមត្ថកិច្ចមិនដកថយនោះទេ ពោលនៅតែបើកប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ព្រមទាំងអនុវត្តច្បាប់ដោយតឹងរឹងជាទីបំផុត ។ នេះបើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា និងបានសង្កត់ធ្ងន់ទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រោយការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
ពាក់ព័ន្ធការដុតកម្ទេចរថយន្ដប៉ាកុង៦គ្រឿង ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង ត្រូវបានអោយដឹងថា ៖ ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា លោកបានបញ្ជាបន្ដទៅកាន់សមត្ថកិច្ចជំនាញរបស់លោកកម្ទេចចោលតែម្ដង នៅវេលាម៉ោងជាង១១ព្រឹកនេះ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យដឹងដែរថា រថយន្ដទាំងនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋសំណូមពរអោយទប់ស្កាត់ និងបង្ក្រាបផងដែរចំពោះការដឹកជញ្ជូនឈើពេលយប់លើដងផ្លូវ តាមរយៈឡានសាំយ៉ុងធ្វើជាមធ្យោបាយដឹកជញ្ជូន៕

...

ដោយ៖ សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print