ភ្នំពេញ៖ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីត្រី ចេវ ហាក់ និងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែកក្កដា នេះ បានចេញមុខមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា លោកបានទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដែលរកស៊ីដឹកជញ្ជូន ពោលគឺឡានធំៗតែម្តង។
លោកវរសេនីយ៍ឯក សែម គន្ធា បានអះអាងថា រឿងដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធំៗ បង់លុយប្រចាំខែនោះ ជាព័ត៌មានមិនពិតទេ, កន្លងមករូបលោកមិនដែលទទួលបានលុយ ពីក្រុមហ៊ុនដឹកជញ្ជូនណាមួយមកបង់លុយនោះឡើយ ហើយលោកក៏មិនបានទៅពាក់ព័ន្ធជាមួយក្រុមហ៊ុនណាដូចគ្នា។
ជាមួយនេះ លោក សែម គន្ធា បានបន្ថែមថា ចំពោះក្រុមហ៊ុនដឹកជញ្ជូន ដែលល្មើសច្បាប់ចរាចរណ៍ គឺចាប់ពុំមានការលើកលែងឡើយ ហើយរាល់ថ្ងៃនេះ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបង្កើនការយកចិត្តទុកដាក់ នៅតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធុនធំ បើកចូលក្រុងខុសពេលម៉ោងកំណត់, ខុសលក្ខណៈបច្ចេកទេស និងល្មើសបទបញ្ជាហាមឃាត់ ឬបើកចូលក្រុង ពេលថ្ងៃ គឺសមត្ថកិច្ចបានឃាត់ចាប់ទុក នៅតាមគោលដៅចំនួន៤កន្លែងរួមមាន៖ នៅគោលដៅហ្គ្រែនភ្នំពេញ ផ្លូវ២០០៤ និងផ្លូវជាតិលេខ១ ។
លិខិតអនាមិកដែលក្រុមអ្នកសារព័ត៌មាន ទទួលបានមានខ្លឹមសារទាំងស្រុងថា ៖
ពួកយើងខ្ញុំ ជាមន្ត្រីនគរបាលការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ សូមជម្រាបជូនអ្នកសារព័ត៌មានឱ្យបានជ្រាបថា កន្លងមក លោក ចេវ ហាក់ អតីតប្រធានការិយាល័យនគរបាលចរាចរជើងគោក ដែលសព្វថ្ងៃនេះ ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ជើងគោក និង លោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បច្ចុប្បន្នបានដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធុនធំៗ បង់លុយប្រចាំខែគឺក្នុងមួយខែៗ អ្នកទាំងពីរនេះសល់លុយរាប់ម៉ឺនសែនដុល្លារ។
មន្ត្រីនគរបានបន្តចោទថា ពួកមេៗប៉ូលិសចរាចរទាំងពីរនាក់នេះ បានក្លាយទៅជាអ្នកមានលុយកាក់ច្រើន ជិះឡានទំនើបៗ និងសង់វីឡា ដែលមានតម្លៃខ្ទង់រាប់ម៉ឺនសែនដុល្លារ ដ៏ស្ងាត់ស្ងៀមបំផុត នៅលើគំនរទុក្ខកូនចៅក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរជារៀងរាល់ថ្ងៃ ដោយសាររថយន្តធំៗចូលក្នុងក្រុងភ្នំពេញ ទាំងថ្ងៃទាំងយប់ ដែលមានភ្លើងខៀវបើកដៃឱ្យរថយន្តធំៗចូល ក្រុងភ្នំពេញ តាមអំពើចិត្តគ្មានការហាមឃាត់ ឬប៉ូលិសចរាចរណាមួយហ៊ានរារាំងអនុវត្តន៍ច្បាប់នោះឡើយ។ មានក្រុមហ៊ុនរាប់រយក្រុមហ៊ុន ដែលពួកគេ បានបង់ប្រាក់ប្រចាំខែ ឱ្យទៅលោកមេៗប៉ូលិសចរាចរទាំងពីរនាក់នេះ ក្នុងមួយក្រុមហ៊ុនៗ យ៉ាងតិចអស់ចាប់ពី ៥០០ដុល្លារ ទៅ១០០០ដុល្លារក្នុងមួយខែ។ កន្លងមកនៅពេលពួកប៉ូលិសចរាចរយើងខ្ញុំ អនុវត្តន៍ច្បាប់ចរាចរជើងគោកម្តងៗ ខណៈឃាត់រថយន្ត ធំមិនឱ្យចូលក្នុងរាជធានីភ្នំពេញ ត្រូវបានគេទូរស័ព្ទអន្តរាគមន៍ភ្លាមៗតែម្តង។
មន្ត្រីនគរបាលចរាចរបន្តចោទទៀតថា ” មេប៉ូលិសចរាចរទាំងពីរនាក់ នេះមានរហស្សនាមផ្សេងៗគ្នា។ លោក ចេវ ហាក់ មានរហស្សនាម “សេនាសក្ដិ គឺមានអក្សរឡាតាំង PN ធ្វើជាស្ទឹកគ័រ សម្រាប់បិទនៅលើកញ្ចក់រថយន្តដឹកទំនិញធំៗចូលក្រុងភ្នំពេញ។
រីឯលោក សែម សុគន្ធា មានរហស្សនាមថា “គាថា គឺមានអក្សរឡាតាំង KT ធ្វើជាស្ទឹកគ័រ សម្រាប់ បិទនៅលើកញ្ចក់រថយន្តដឹកទំនិញធុនធំៗចូល ក្រុងភ្នំពេញ ដែលខាងក្រុមហ៊ុនរកស៊ីដឹកជញ្ជូន បានបង់លុយប្រចាំខែរួចហើយ។ ស្ទឹកគ័រ អក្សរកាត់ទាំងនេះ មិនត្រឹមតែបិទនៅលើកញ្ចក់ឡានធំៗនោះទេ គឺសូម្បីតែឡានតូចៗសម្រាប់គេជួលឱ្យជនជាតិចិនជិះ ក៏មានបិទស្ទឹកគ័រនេះនឹងគេដែរ។
ត្រង់ចំណុចនេះ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលចរាចរជើងគោក មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ខាងសារព័ត៌មាននឹងនាំដំណឹងដ៏រសើបមួយនេះ ឱ្យបានជ្រាប ឬដឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ចេស្តា