យន្តហោះមួយគ្រឿងប្រភេទ Beechcraft King Air របស់កងកម្លាំងការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែនប្រទេសឥណ្ឌាបានហោះធ្លាក់ស្ថិតនៅក្នុងទីប្រជុំជន Dwarka បណ្តាលឲ្យក្លាយទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងធ្វើឲ្យមនុស្សយ៉ាងតិច១០នាក់បាត់បង់ជីវិត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ។
មន្ត្រីរបស់ប្រទេសឥណ្ឌាបានបញ្ជាក់ថា យន្តហោះខាងលើនេះបានដឹកមន្ត្រីសន្តិសុខដែលទៅបំពេញកាតព្វកិច្ចល្បាតនៅតាមបន្ទាត់ព្រំដែន ។
ប្រព័ន្ធសុវត្ថិភាពនៅតាមផ្លូវអាកាសរបស់ប្រទេសឥណ្ឌា នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះត្រូវគេទទួលស្គាល់ថា មានសុវត្ថិភាពល្អប្រសើរ ពុំសូវមានគ្រោះថ្នាក់កើតឡើងនោះទេ បើទោះបីថា ប្រទេសនេះមានការកើនឡើងជាបន្តបន្ទាប់នូវក្រុមហ៊ុនអាកាសចរណ៍ឯកជនដែលប្រតិបត្តិការរកស៊ីដឹកជញ្ជូននៅក្នុងស្រុកយ៉ាងណាក៏ដោយ ។
គេនៅចាំបានថា ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងប្រទេសឥណ្ឌាបានកើតឡើងនៅក្នុងទីក្រុង Mangalore កាលពីខែឧសភា ឆ្នាំ២០១០ បណ្តាលឲ្យស្លាប់១៦០នាក់ ។
នៅមុនពេលកើតហេតុ យន្តហោះម៉ាស៊ីនពីរបានធ្វើដំណើរតាមផ្លូវរបស់ខ្លួនឆ្ពោះទៅកាន់តំបន់ Ranchi ភាគខាងកើត រដ្ឋ Jharkhand ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងញូវដេលី ហើយស្រាប់តែមានគ្រោះថ្នាក់កើតឡើងតែម្តង ។
មន្ត្រីជាន់ខ្ពស់ក្រុងញូវលេលីបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ក្រោយក្រុមបច្ចេកទេសបានបាត់ទំនាក់ទំនងជាមួយយន្តហោះនេះរួចមក ។
រូបភាពជាច្រើនត្រូវគេផ្សព្វផ្សាយឲ្យឃើញថា តួយន្តហោះត្រូវភ្លើងឆាបឆេះ ជាមួយកម្ទេចកម្ទីរ និងបំណែកបែកបាក់បែកបាក់ក្រោយពីការធ្លាក់នេះផងដែរ ។
មន្ត្រីអាកាសចរណ៍ស៊ីវិលឥណ្ឌាបានបញ្ជាក់ថា អ្នកដំណើរនៅលើយន្តហោះទាំងអស់១០នាក់ រួមជាមួយអាកាសយានិកផងដែរ គ្មាននរណាម្នាក់នៅរស់រានមានជីវិតពីការធ្លាក់យន្តហោះនេះឡើយ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានអះអាងថា យន្តហោះបានបុកជាមួយជាមួយកំផែង ហើយក្លាយជាអណ្តាតភ្លើងឆាបឆេះនៅវាលស្រែ ខាងក្រៅអាកាសយានដ្ឋាន ។ ជនរងគ្រោះប្រមាណ១០នាក់ត្រូវភ្លើងឆាបឆេះ ។ នៅទីកន្លែងដែលយន្តហោះធ្លាក់នោះ មានពលករកំពុងបំពេញការនៅទីនោះផងដែរ ។
រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង និងក្រុមជួយសង្គ្រោះបន្ទាន់ផងដែរបានទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ប៉ុន្តែនៅតែគ្មានប្រសិទ្ធភាព ។
កាលពីខែឧសភា ឆ្នាំ២០១១ មនុស្ស១០នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកជំងឺបានធ្លាក់នៅជិតទីក្រុងដេលី ប្រទេសឥណ្ឌា ៕
ប្រែសម្រួល៖ ថាច់ យ៉ាត