បុរី​ពិភព​ថ្មី​នៅ​ខណ្ឌ​សែន​សុខ​រង​ការ​រិះគន់​ថា​គ្មាន​សន្តិសុខ​បរិបូរណ៍​ជូន​អតិថិជន

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រួសារ​នារី​រង​គ្រោះ​ដែល​រង​ដោយ​អំពើ​បាញ់ប្រហារ​ដល់​មុខ​ផ្ទះ​ហាក់ដូចជា​មិន​ទាន់​បាន​ទទួល​ភាព​យុត្តិធម៌​នៅឡើយ​ គ្រា​ដែល​ក្រុម​ឃាតក​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​ បើ​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា​ មាន​តម្រុយ​ពី​ឃាតក​ដៃដល់​ ដែល​អាច​ឈាន​ដល់​ការ​ចាប់ខ្លួន​នៅ​ពេល​ខាង​មុខ​ក៏​ដោយ​ ។​ អ្វី​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​អស់ចិត្ត​ទៀត​នោះ​ គឺ​នៅ​​ក្នុង​បុរី​ ពិភព​ថ្មី​ដែល​ជន​រង​គ្រោះ​ទើប​ទិញ​ផ្ទះល្វែង​មក​នៅ​ថ្មីៗ​(​កន្លែង​កើតហេតុ​)​ ស្ថិត​ក្នុងភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ មិន​មាន​សន្តិសុខ​បរិបូណ៌​គួរ​ឲ្យ​រស់នៅ​នោះ​ទេ​ ។​

20151222_005609

​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ វា​សម​ល្មម​សមត្ថកិច្ច​វែកមុខ​ជន​ដៃដល់​ឃើញ​ហើយ​ ព្រោះ​អ្វីៗ​បាន​កើតឡើង​គ្រួសារ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់គ្រាន់​ទាក់ទិន​មុន​ការ​បាញ់ប្រហារ​នេះ​ ។​

​ក្រុម​គ្រួសារ​ស្រី្ត​រង​គ្រោះ​បាន​បន្ត​ថា​ អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​មិន​គួរ​ណា​មក​ទិញ​ផ្ទះ​នៅ​បុរី​ពិភព​ថ្មី​កន្លែង​កើតហេតុ​ដែល​គ្មាន​មនុស្ស​រស់នៅ​ច្រើន​ គ្មាន​សុវត្ថិភាព​ និង​គ្មាន​សន្តិ​ សុខ​ពេញលេញ​ដូច​នៅ​បុរី​ឯទៀត​នោះ​ទេ​ ។​ លើស​ពី​នេះ​ទៀត​បុរី​នេះ​ធំ​ប៉ុនណា​ណី​ បែរជា​គ្មាន​បុគ្គលិក​សន្តិសុខ​យាមកាម​ត្រឹមត្រូវ​ ទុក​ឲ្យ​ជន​ទុច្ចរិត​ចេញចូល​តាម​ចិត្ត​ បង្ក​ភាព​ អនាធិបតេយ្យ​ និង​អសន្តិសុខ​ខ្លាំង​ណាស់​។​ទាំងនេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ចោរលួច​គាស់​ផ្ទះ​ ឬ​ ចោរលួច​ទ្រព្យសម្បត្តិ​ជា​ប្រចាំ​នៅ​ក្នុង​បុរី​នេះ​នៅឡើយ​ទេ​ ។​

​រីឯ​អតិថិជន​ម្នាក់​ទៀត​ដែល​បាន​មក​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​នេះ​ដែរ​បាន​និយាយ​ថា​ ក្រៅ​ ពី​ក្នុង​បរិវេណ​បុរី​គ្មាន​សន្តិសុខ​ល្អ​ គាត់​ក៏​នៅ​មានការ​ព្រួយបារម្ភ​ពី​អគារ​កំពុង​សាងសង់​ជា​ច្រើន​ ថា​គ្មាន​សុវត្ថិភាព​ដែរ​ ព្រោះតែ​គេ​សង់​មិន​ត្រូវ​ស្តង់ដារ​ ឆាប់​ប្រេះស្រាំ​ដោយ​អន្លើៗ​ទៅ​ហើយ​នោះ​។​

​ទាក់ទិន​នឹង​ការ​បាញ់ប្រហារ​ស្រី្ត​ខាងលើ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ក្នុង​ខណ្ឌ​សែន​សុខ​នេះ​ លោក​វរសេនីយ៍ឯក​ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​២១​ខែធ្នូ​នេះ​ថា​ ឃាតក​ស៊ីឈ្នួល​បាញ់​សម្លាប់​ស្រី្ត​រង​គ្រោះ​ឈ្មោះ​ ចាន់​ ដា​ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ដឹង​តម្រុយ​ខ្លះ​ហើយ​ ដោយ​មិនយូរ​មិនឆាប់​នឹង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន​។​

​លោក​អធិការ​បង្ហើប​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​នេះ​អាច​ទាក់ទង​នឹង​រឿង​ស្នេហា​ត្រីកោណ​ តែ​លោក​មិន​បាន​ប្រាប់​មនុស្ស​លេងល្បែង​ស្នេហា​ត្រីកោណ​ជា​អ្នក​ណាខ្លះ​នោះ​ទេ​ ។​

​នគរវត្ត​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​ទទួលខុសត្រូវ​បុរី​ពិភព​ថ្មី​នៅ​ ខណ្ឌ​សែន​សុខ​ បាន​ទេ​កាលពី​ម្សិលមិញ​នេះ​ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែធ្នូ​ឆ្នាំ​២០១៥​ នៅ​ក្នុង​បុរី​ ភិ​ភព​ថ្មី​ ក្នុងភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ស្រី្ត​ឈ្មោះ​ចាន់​ ដា​ អាយុ​ ៣៣​ឆ្នាំ​ ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​ចូល​ទៅ​បាញ់ប្រហារ​ដល់​មុខ​ផ្ទះ​ចំនួន​២​គ្រាប់​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាមៗ​ ។​ រីឯ​ក្រុម​ឃាតក​នាំ​គ្នា​ជិះ​ម៉ូតូ​ គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ៕​

20151222_005425

dew

IMG-20151220-WA0051

IMG-20151220-WA0050

IMG-20151220-WA0044

IMG-20151220-WA0048

IMG-20151220-WA0042

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print