ខេត្ដកំពង់ចាម៖ នគរបាលស្រុកកោះ សូទិនបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ខណៈផឹកស្រារួចឈ្លោះប្រកែកគ្នាបានយកដំបូងវាយបុរសម្នាក់ទៀតបណ្ដាលស្លាប់។
ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីរំលង់អធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងភូមិកោះចិនលើ ឃុំកំពុងរាប ស្រុកកោះសូទិន ខេត្ដកំពង់ ចាម។ នគរបាលស្រុកកោះសូទិនថ្លែងថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននោះមាន ឈ្មោះ លន់ ឡន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិឃុំកើត ហេតុ។ ចំណែកជនរងគ្រោះដែលគេវាយ ស្លាប់ឈ្មោះ ទិត គន្ធា អាយុ៣៧ឆ្នាំ ភេទ ប្រុស មុខរបរកសិករ ស្នាក់នៅមួយ ភូមិ-ឃុំជាមួយគ្នា។
សាក្សីនៅកន្លែងកើតបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះបានអង្គុយផឹកស្រានៅមុខផ្ទះរបស់ ឈ្មោះ ទិត ទាង ភេទប្រុស អាយុ៥៤ឆ្នាំ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ដោយសារផឹក ស្រវឹងរៀងៗខ្លួនក៏បានឈ្លោះប្រកែកគ្នា យ៉ាងតឹងសសៃក ហើយជនសង្ស័យបាន យកដំបងវាយជនរងគ្រោះបណ្ដាយឱ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្នានបានឃាត់ខ្លួនជនសង្ស័យនិងបានដកហូតវត្ថុតាងយកទៅអធិការស្រុក ដើម្បីសាកសួរនិងកសាងសុំណុំរឿងទៅតុលា ការខេត្ដដើម្បីចាត់ការតាមនីតិវិធី។ រីឯ សពជនរងគ្រោះបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សហការី