ភ្នំពេញ៖ ដីឡូតិ៍មួយកន្លែងដែលមានទំហំប្រមាណជា១មុឺនម៉ែត្រការ៉េ បាននឹងកំពុងធ្វើការដ្ឋានចាក់ដី ធ្វើលូ ធ្វើរបង និងបន្តសាងសង់ ឬពុះដីឡូតិ៍លក់ ប៉ុន្តែប្រជាជនបានសំណូមពរដល់អាជ្ញាធរ ភូមិ-សង្កាត់-ខ័ណ្ឌ-ក្រុង និងជំនាញភូមិបាល មេត្តាចុះពិនិត្យជាក់ស្តែងផង ជៀងវាងម្ចាស់ការដ្ឋាន ឬម្ចាស់ដីឡូតិ៍នេះសាងសង់សំណង់រឹងមាំ ឬធ្វើរបងរំលោភលើអតីតៈដីប្រឡាយសាធារណៈ និងដីចំណីផ្លូវជាដើម។
ដីឡូតិ៍នេះមានក្បាលដីលេខ៦ ស្ថិតតាមបណ្តោយផ្លូវ២១៧ ភូមិឪឡឹក សង្កាត់ស្ពានថ្ម ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានអោយដឹងថា៖ ម្ចាស់ទីតាំងខាងលើកំពុងតែរៀបចំធ្វើការដ្ឋានសាងសង់សំណង់ និងចាក់ដី ធ្វើប្រព័ន្ធលូនេះ គឺបានធ្វើរបង រំលោភចូលដី ចំណីប្រឡាយ សាធារណៈរបស់រដ្ឋ ហើយបើពុំមានវិធានការទប់ស្កាត់ ហាមឃាត់ទេ អាចម្ចាស់ទីតាំងធ្វើសំណង់រឹងមាំ យកដីប្រឡាយធ្វើជាកម្មសិទ្ធ ប៉ះពាល់ដល់ដីចំណីផ្លូវ ប្រឡាយ និងមានផលលំបាកក្នុងការអភិវឌ្ឍន៍មូលដ្ឋានលើហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ផ្លូវគមនាគមន៍ ខណៈគាត់កំពុងសង់រំលោភមុនគេ ក្នុងនាមជាម្ចាស់ក្បាលដីខាងមុខគេ ហើយប្រជាពលរដ្ឋនៅខាងក្រោយនៅតែរក្សាសំដៅដើម រក្សាទុកពីចំណីផ្លូវ ប្រឡាយនៅដដែលនោះ។
លោក នុត ពុធដារា អភិបាលនៃគណៈអភិបាលខ័ណ្ឌដង្កោ បានប្រាប់អង្គភាព«នគរដ្រេហ្រ្គន» តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ថា៖ ម្ចាស់ទីតាំងនោះបានសុំច្បាប់ដល់សាលារាជធានីភ្នំពេញ និងសុំដាក់ធ្វើប្រព័ន្ធលូ ប៉ុន្តែមិនអនុញ្ញាតអោយធ្វើរបង ឬសំណង់លើដីចំណីផ្លូវ ឬលើប្រព័ន្ធលូបានឡើយ។ លោកអភិបាលបន្តថា៖ ដើម្បីអោយច្បាស់ជាងនេះលោកនឹងអោយមន្ត្រីជំនាញចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងតាមសំណូមពរប្រជាពលរដ្ឋ បើមានករណីសាងសង់ណាមួយលើសលិខិតអនុញ្ញាត ត្រូវហាមឃាត់។
ប្រជាពលរដ្ឋបានលើកឡើងថា៖ ទោះជាម្ចាស់ក្បាលដីលេខ ៦ មានច្បាប់សាងសង់ ឬគ្មានក៏ដោយ នោះជាសិទ្ធរបស់គាត់ សាងសង់ចុះ តែសំណូមពរអោយម្ចាស់ទីតាំងធ្វើរបង សាងសង់សំណង់រឹងមាំ ឬចាត់ចែងពុះឡូតិ៍លក់ ជួល-លក់ សម្បទាន មេត្តាធ្វើទៅតាមទំហំដីកម្មសិទ្ធស្របច្បាប់របស់ខ្លួនទៅ ។
ពួកគាត់បានបន្តថា៖ អនាគត ក៏ដូចបច្ចុប្បន្នអាជ្ញាធរខ័ណ្ឌ-ក្រុង និងជំនាញបានយកចិត្តទុកដាក់ណាស់លើការអភិវឌ្ឍន៍តាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ពិសេសលើបញ្ហាសំណង់ ប្រព័ន្ធលូ ផ្លូវគមនាគមន៍។ល។ ពង្រីកអោយមានភាពទូលំទូលាយតាមយន្តការសម័យទំនើប។
បញ្ហាការដ្ឋាននៅក្បាលដីលេខ៦ តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតនៅភូមិឪឡឹក សង្កាត់ស្ពានថ្ម ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដំណើរសាងសង់នេះ ប្រជាពលរដ្ឋសំណូមអោយអាជ្ញាធរខ័ណ្ឌ-ក្រុង និងជំនាញភូមិបាលខ័ណ្ឌ ក៏ដូចខាងជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ មេត្តាអោយម្ចាស់សំណង់ធ្វើការអភិវឌ្ឍន៍សាងសង់ក្នុងរង្វង់ដីកម្មសិទ្ធស្របច្បាប់របស់គាត់នោះពិតជាគាំទ្រ គ្រាន់តែទប់ស្កាត់ ហាមឃាត់បើមានករណីរំលោភយកដីចំណីផ្លូវ ប្រឡាយទឹកសាធារណៈតែប៉ុណ្ណោះ៕ ដោយ៖ សុខ ខេមរា