លោកត្រាំបន្ទន់ឥរិយាបថទៅលើក្រុមហ៊ុន Huawei

ចែករំលែក៖

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អាមេរិក លក់សម្ភារ អេឡិចត្រូនិច្ច ដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ​គិតជាទឹកប្រាក់ប្រមាណជិត​១០ពាន់លានដុល្លារ ។ ការហាមប្រាមក្រុមហ៊ុនអាមេរិករកស៊ីជាមួយហួវាយនោះ ធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ជាច្រើន ។

ទាំងនោះហើយបានជា ប្រធានាធិបតីអាមេរិក សម្រេច​បានសម្រេចបន្ទន់ឥរិយាបថ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដោយអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបន្តរកស៊ីជាមួយក្រុមហ៊ុនចិន ដែលលោកត្រាំដាក់ក្នុងបញ្ជីខ្មៅនាពេលកន្លងមក។

ក្រុមហ៊ុន ​Huawei ជាអ្នកផលិតសម្ភារៈទូរគមនាគមន៍ធំបំផុតនៅលើពិភពលោក ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិក ដាក់ទណ្ឌកម្មកាលពី ខែឧសភា​។ នៅពេលនោះបណ្តាក្រុមហ៊ុនអាមេរិកត្រូវបានហាមប្រាមលក់ឧបករណ៍ សម្ភារៈបច្ចេកវិទ្យាដល់ក្រុមហ៊ុន​ Huawei លើកលែងតែមានលិខិតអនុញ្ញាត។ ប៉ុន្តែកាលពីចុង ខែមិថុនា ក្រោយជំនួបពិគាក្សា រវាងប្រធានាធិបតីដូណាលត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង នៅប្រទេសជប៉ុន លោកត្រាំបានប្រកាសអនុញ្ញាត​ឲ្យក្រុមហ៊ុនអាមេរិកបន្តរកស៊ីជាមួយ​ Huaweiឡើងវិញ។

ប៉ុន្មានថ្ងៃកន្លងមកនេះ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក​ Wilbur Ross ​បានប្រកាសថា លិខិតអនុញ្ញាតនឹងផ្តល់ជូនក្រុមហ៊ុនអាមេរិក ប្រសិនបើ​ មិនមានការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។​ ការផ្លាស់ប្តូរគោលនយោបាយខាងលើ បង្ហាញឲ្យឃើញថា​ ទំនាក់ទំនងជួញដូរ​ផ្នែកបច្ចេកវិទ្យារវាងក្រុមហ៊ុនអាមេរិក និង ចិន នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗ។

មន្ត្រី ក្រុមហ៊ុនផលិត បន្ទះឈីប(Chip)ធំៗចំនួនពីររបស់អាមេរិក ដែលមិនបញ្ចេញឈ្មោះបាន ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុននឹងដាក់លិខិតស្នើសុំទៅកាន់ក្រសួងពាណិជ្ជកម្មអាមេរិក ក្រោយទទួលបានព័ត៌មានខាងលើ។

កាលពីឆ្នាំ​២០១៨ ក្រុមហ៊ុន​ Huawei បានចំណាយប្រាក់ដល់ទៅ​៧០ពាន់លានដុល្លារ ទិញ​សម្ភារ បច្ចេកវិទ្យា ក្នុងនោះមាន​១១ពាន់លានដុល្លារ ទិញពីក្រុមហ៊ុនអាមេរិក ក្នុងនោះមានដូចជាក្រុមហ៊ុន​​ Qualcomm, Intel និង​ Micron Technology ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print