រដ្ឋាភិបាលចេញលិខិតមោឃភាពបណ្ណកាន់កាប់ដីរបស់ក្រុមហ៊ុនអុឹងប៊ុនហូវ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយ អិនជី ហូលឌីង (ING Holding) របស់ លោកឧកញ៉ា អឹុង ប៊ុនហូវ នៅបឹងជើង​ឯក។ ការមោឃភាពនេះដោយសារក្រុមហ៊ុនមិនអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋា​រចនា
សម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯក ស្ថិត​ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថ​លេខា ដោយលោករដ្ឋលេខាធិការ ឈិត សុខុនបានចេញលិខិតមោឃភាពបណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ ក្រុមហ៊ុនអាយអិនជី ហូលឌីងចំនួន៥បណ្ណ គឺបណ្ណលេខ ភព៦៨៥៧៨, ភព ៦៨៥៧៩ ,ភព ៦៨៥៨០ , ភព ៦៨៥៨២ និងភព​លេខ ៦៨៥៨៣ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល ។

ជាមួយគ្នានេះ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចនិរាករណ៍លិខិតលេខ ១៩៨ ស.ជ.ណ ផក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ លិខិតលេខ ៨០១ ស.ជ.ណ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និង លិខិតលេខ ១១៤៧ ស.ជ.ណ ឧស ចុះថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រី។

ការមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន៥បណ្ណ គឺយោងតាមលិខិត លេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លិខិតលេខ ៣០៨ ខន/០១៩ សជណ ចុះ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ។

គួររំឭកថា ក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding បានធ្វើកិច្ចសន្យាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីឈ្មោះ «មហាវិថីសម្តេចតេជោ» ដែលមានទទឹង ៦០ម៉ែត្រ និងបណ្តោយប្រវែងជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាល ថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាល។

ក្រុមហ៊ុន គឺត្រូវដោះស្រាយ រាល់ការប៉ះពាល់នានាដែលពាក់ព័ន្ធ នឹងដីជាកម្មសិទ្ធិរស់នៅរបស់ប្រជាជន ប៉ុន្តែ ក្រុមហ៊ុន ING Holding មិនបានធ្វើតាម ដូចបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ៕ ដោយ ៖ នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print