ខេត្តកណ្តាល: ភ្ញៀវចូលរួមមង្គលការកូនអ្នកភូមិម្នាក់ បាននាំគ្នារត់ជាន់ជើងគ្នា បន្ទាប់ពីភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមពេលកំពុងរាំសប្បាយនាយប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប៉ុន្តែការប្រើអំពើហិង្សាដាក់គ្នាក្នុងពិធីមង្គលការនេះ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនដៃដល់ជាភ្ញៀវកូនកំលោះបានម្នាក់ក្នុងចំណោមជាង១០នាក់ ខណៈភ្ញៀវកូនក្រមុំបានរបួស៣នាក់ដោយកម្លាំងដៃក្រុមភ្ញៀវកូនកំលោះវ៉ៃ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាម៉ាក់បានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់
១-ឈ្មោះអែម ស្រ៊ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងពោន ឃុំគរស្រុកព្រៃឈរ ខេត្តកំពង់ចាម( របួសលើក្បាល០១កន្លែង)។
២-ឈ្មោះថេត ប៊ុនថេន ហៅទូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ប្រជាការពារ)នៅភូមិឃុំកើតហេតុ(របួសក្បាលឆ្វេង០១កន្លែងដៃស្តាំ០១កន្លែង)។
៣-ឈ្មោះប្រឹម ឡិន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនៅភូមិឃុំកើតហេតុ(របួសក្បាលខាងឆ្វេង០១កន្លែង)។ចំណែកជនសង្ស័យមានគ្នាប្រហែល១០នាក់ស្គាល់តែម្នាក់ ដែលឃាត់ខ្លួនបានឈ្មោះអែម ស្រេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង នៅភូមិត្រពាំងពោន ឃុំគរស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។ ក្រោយបញ្ចប់ឆាកប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាមនោះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
១-ជើងកៅអីជ័រពណ៌ក្រហមបាក់ចំនួនពីរ ២- ជើងកៅអីជ័រចំនួនមួយ៣-ដែកបំពង់ជ្រុងទីបចំនួនមួយ និង៤-អំបែងកែវ២បំណែក ។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃកើតហេតុនៅផ្ទះរបស់ឈ្មោះជា ណាវី បានប្រារព្ធពិធីរៀបមង្គលការ កូនស្រីរបស់ខ្លួនដោយខាងកូនកំលោះមានទីលំនៅឯខេត្តកំពង់ចាម។នៅ វេលាម៉ោង៧យប់មានភ្ញៀវជាច្រើនបានមកចូលរួមពិសាភោជនាហារ យ៉ាងឆ្ងាញ់ ដោយមានភ្ញៀវខាងកូនកំលោះបានចូលរួមរាំលេងយ៉ាងសប្បាយផងដែរ ។ លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលឈ្មោះភា កក្កដា ភេទប្រុស ឈ្មោះខន តុលា ភេទប្រុស ឈ្មោះ គាសុខម៉េង ភេទប្រុស ឈ្មោះ វុធ អ៊ីវែន ភេទប្រុស(ភ្ញៀវខាងកូនក្រមុំ)បានចូលទៅរាំលេង។ ចំណែកភ្ញៀវខាងកូនកំលោះអង្គុយមើលគេរាំ។ ភ្លាមនោះមិនដឹងមានរឿងអីស្រាប់តែភ្ញៀវខាងកូនកំលោះបានរត់ មកក្នុងវង់រាំ ហើយដាល់ទៅលើ ឈ្មោះភា កក្កដា តែឈ្មោះ ភា កក្កដា បានគេចផុតហើយរត់ចេញ ពីក្នុងវង់រាំទៅអង្គុយក្រោមផ្ទះអ៊ំរបស់ខ្លួន ឈ្មោះផៃសុភី ។
បន្ទាប់មកក្រុមខាងកូនកំលោះជា ច្រើននាក់បានរត់ចូលមកក្នុងវង់រាំប្រតាយប្រតប់គ្នា ជាមួយក្រុមភ្ញៀវខាងកូនក្រមុំ ព្រមទាំងយកកៅអីនិងកែវគប់គ្នាទៅវិញទៅមកផ្អើលច្របូកច្របល់ពេញរោងការតែម្តង។ពេល ឃើញដូចនេះឈ្មោះថេត ប៊ុនថេន ហៅទូច ជាប្រជាការពារបានចូលទៅឃាត់ស្រាប់តែក្រុម ខាងកូនកំលោះវាយបណ្តាលឲ្យបែកក្បាលមួយកន្លែងហូរឈាម។ ឯភាគីខាងកូនកំលោះឈ្មោះ អែម ស្រ៊ាន់ ក៍ត្រូវគេវាយបណ្តាលឲ្យរងរបួសដែរ។
ក្នុងពេលនោះ ឈ្មោះប្រឹមឡិនកំពុងតែឈរមើលគេស្រាប់តែឈ្មោះអែម ស្រេនបានយកកែវគប់ត្រូវចំក្បាល ខាងឆ្វេង បណ្តាលឲ្យបែករងរបួសមួយកន្លែង។ បន្ទាប់មកដោយឃើញសភាពដូច្នេះប្រជាពលរដ្ឋបាន ទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកហើយបានចុះមកធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន១នាក់នៅកន្លែងកើតហេតុឈ្មោះអែម ស្រេនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងបន្តស្រាវជ្រាវរកជនសង្ស័យបន្តទៀតដើម្បីអនុវត្តតាមនីតិវិធី ៕