ភ្នំពេញ៖លោក ស៊ុម វេត មានជំងឺរបួសរលួយជើង និង ភរិយា មានជីវភាពក្រីក្ររស់នៅភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសម: ហៅពេទ្យលោកសង្ឃ ។
បញ្ហានេះ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានចាត់ឱ្យក្រុមគ្រូពេទ្យយកថវិកាមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនលោក ស៊ុម វេត កាលពីថ្ងៃ១៧ ខែកក្កដា បន្ទាប់ពីមានជំងឺតែគ្មានលុយព្យាបាល លោកស្រី មេឃុំ សំពងជ័យ បានទាក់ទងទៅមន្ទីរពេទ្យស្រុក យករថយន្តពេទ្យមកដឹកមកភ្នំពេញដេីម្បីទទួលការព្យាបាលបន្ត។
សូមបញ្ជាក់ថា ជំងឺលោក ស៊ុម វេត កាលពីប៉ុន្មានខែមុន លោកបានទៅធ្វើជាកម្មករសំណង់នៅខេត្តរតនគិរី ដោយបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូធ្វើឱ្យមានរបួសក្រោមជង្គង់ឆ្វេង ។ ក្រោយមក លោកបានបន្តធ្វើសំណង់ទៀតហើយគេប្រើឱ្យលាងអាងទឹក ដែលអាងទឹកនោះគេត្រាំលាងផ្លែ ធ្វើឱ្យមុខរបួសគាត់កាន់តែក្លាយធ្ងន់ធ្ងរ ធ្វើការលែងកើតទើបត្រឡប់មកផ្ទះវិញ ដោយមានជីវភាពក្រីក្រផង និងឪពុកឈឺ ម្ដាយឈឺផងនោះ គាត់គ្មានលុយព្យាបាលក៏សម្រេចរកគ្រូខ្មែរស្ដោះផ្លុំ មិនជាសះស្បើយឡើយ ហើយបានលេចឮព័ត៌មានតាមបណ្តាញសង្គម ទើបលោកស្រី ហ៊ុន ម៉ាណា ចាត់ឱ្យក្រុមការងារស្រាវជ្រាវតាមរយ:អាជ្ញាធរ បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសម: រាជធានីភ្នំពេញតែម្តង ៕ ចេស្តា