ដុតកម្ទេចចោលរថយន្ត៦គ្រឿងបន្ថែមទៀត ពាក់ព័ន្ធបទល្មើសបំផ្លាញធនធានធម្មជាតិ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តរួមមាន អាវុធហត្ថខេត្ត មន្ត្រីបរិស្ថានខេត្ត រដ្ឋបាលព្រៃ​ឈើខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក អៀង វាន់ឌី បានសហការស្រាវជ្រាវរកឃើញរថយន្ត​បាកុង​ចំនួន៦គ្រឿងបន្តទៀត ដែលមានពីទីតាំងផ្សេងពីគ្នា ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើល្មើសច្បាប់កន្លងមក នៅក្នុងទីតាំងភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ចំនួន៤គ្រឿង និងនៅភូមិច្រប់ចំនួន ២​គ្រឿង ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន និងធ្វើការដុតកម្ទេចចោល។

ប្រតិបត្តិការចុះរុករករថយន្តល្មើសនេះ កម្លាំងចម្រុះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុច២ផ្សេងគ្នា ទី១-ភូមិស្រែគរថ្មី៤គ្រឿង ,ទី២-នៅភូមិច្រប់២គ្រឿង ក្នុងស្រុកសេសានខេត្តស្ទឹង​ត្រែង។

លោក អៀង វ៉ាន់ឌី បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះបានចុះដល់ទីតាំង រកឃើញរថ​យន្តបាកុងក្នុងទីតាំងពីរផ្សេងគ្នា ទី១ក្នុងភូមិស្រែគតថ្មីចំនួន ៤គ្រឿង និងគោលដៅទី២ នៅភូមិច្រប់ចំនួន២គ្រឿង ក្នុងថ្ងៃតែមួយ ហើយពេលនេះកម្លាំងចម្រុះកំពុងតែបន្តសកម្មភាពចុះរុករកបន្តទៀត នៅតាមទីតាំងផ្សេងៗដើម្បីឈានទៅរកការប្រមូលរថយន្តល្មើសទាំងនោះ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ ធ្វើការដុតកំទេចចោលនៅពេលក្រោយ។

លោកថា ក្នុងប្រតិបត្តិការនេះគណៈកម្មការចម្រុះបានរកឃើញឈើល្មើសច្បាប់មួយចំនួន ដែលគេដឹកយក​មកទម្លាក់ចោល ក្បែរព្រៃនិងបានប្រគល់ឲ្យជំនាញ រឹបអូសចាត់ការតាមនីតិវិធីផងដែរ ។

លោក អៀង វាន់ឌី បានអះអាងថា នឹងកំពុងដឹកនាំកម្លាំងបន្តទៅកាន់គោលដៅផ្សេងៗទៀត ទូទាំងខេត្តស្ទឹងត្រែង ដើម្បីរុកកររថយន្តល្មើសច្បាប់ទាំងនេះ មិនទុកឲ្យធ្វើសកម្មភាព នឹងបម្រើផលប្រយោជន៍ឲ្យឈ្មួញ បំផ្លាញធនធានធម្មជាតិបន្តទៀតឡើយ។

សូមបញ្ចាក់នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកអៀង វាន់ឌី មរបញ្ចាការកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការស្រាវជ្រាវនឹងរុករក រថយន្តកែឆ្នៃខុសបច្ចេកទេស ជាពិសេសរថយន្តបាកុង នេះតែម្តងដែលទុកបំរើការដឹកជញ្ចូនឈើ នឹងបំផ្លាញធនធានធម្មជាតិ នៅក្នុងក្រុមហ៊ុន​(សៀ ម៉ុន) ដែលស្ថិតក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងយើងនេះបន្តទៀត ៕  ដោយ ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print