ភ្នំពេញ ៖ តួឯកល្ខោនប្រុសម្នាក់ ត្រៀមខ្លួនបម្រុងរៀបនឹងឡើងឆាកសម្តែងទៅហើយ ឮដំណឹងថាចោរលួចម៉ូតូយកទៅបាត់ ផ្អាកសម្តែងភ្លាមៗ រូតរះប្រញាប់ដើររកម៉ូតូ ខណៈការបន្តរកមិនឃើញក៏បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជួយអន្តរាគន៍តាមច្បាប់ ។
រឿងហេតុបាត់ម៉ូតូតួឯកល្ខោននេះ កើតឡើងកាលពីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះបានរៀបរាប់នៅពេលមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចថា គាត់បានមកសម្តែងល្ខោនបាសាក់នៅភូមិ-ឃុំកើតហេតុខាងលើនេះ បានមួយសប្តាហ៍មកហើយ ដើម្បីរៃអង្គាសថវិកាផ្គត់ផ្គង់ក្រុមល្ខោនដែលកំពុងខ្វះខាត ។ គាត់បន្តថា រឿងដែលត្រូវសម្តែងជូនអ្នកទស្សនា គឺរឿង «សូរិយាអស្ដង្គត» ខណៈ ការផាត់មុខរួចរាល់ រៀបនឹងឡើងឆាក ក៏់ឮដំណឹងថាបាត់ម៉ូតូរបស់ខ្លួន ធ្វើឲ្យផ្អាកការសម្តែងសិន ដើររក ម៉ូតូ និងបន្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
តួឯកល្ខោនបាសាក់ដែលរងគ្រោះត្រូវចោរលួចយកម៉ូតូបានប្រកាសផ្សព្វផ្សាយថា ម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CZ-8857 ។
ជនរងគ្រោះមានឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕