ភ្នំពេញ៖ សហគ្រិនជោគជ័យ ប្រកបដោយប្រត្យក្សារម្មណ៍ ត្រូវមានសមត្ថភាពពិសេស៣ គឺ សមត្ថភាពប្រាជ្ញា សមត្ថភាពផ្លូវចិត្ត និងសមត្ថភាពផ្លូវកាយ បន្ទាប់ពីជ្រើសរើសបាននូវសហគ្រិនឆ្នើមទាំង១១រូប តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ពី គណៈកម្មការដាក់ពិន្ទុរួចមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំព្រឹត្តិការណ៍រាត្រីស្រមោលសរដ៏ពិសេស គឺ «ពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ពានរង្វាន់ទាំង៥រូប» នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019)។
ក្នុងការប្រព្រឹត្តទៅនេះដែរ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែភូគីត្រាភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ដែលមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ។
ការចូលរួមពីសំណាក់សហគ្រិនរាប់រយនាក់ផងដែរ ដើម្បីស្វែងរកម្ចាស់ជ័យលាភី ដែលទទួលបាននូវពានរង្វាន់ទាំង៥រូប ក្នុងពិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ ២០១៩។
លោកទេសរដ្ឋមន្ត្រី សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាមានប្រសាសន៍ជូនដល់អ្នកចូលរួមទាំងអស់ដែរថា “សហគ្រិនជោគជ័យ ប្រកបដោយប្រត្យ ក្សារម្មណ៍ ត្រូវមានសមត្ថភាពពិសេស៣ គឺ សមត្ថភាពប្រាជ្ញា សមត្ថភាពផ្លូវចិត្ត និងសមត្ថភាពផ្លូវកាយ”.។
សម្រាប់ឆ្នាំ២០១៩នេះ ក្រៅតែពីការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ ដល់ ម្ចាស់ជ័យលាភីទាំង៥រូបនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យ បានពាំនាំនូវកម្មវិធីប្លែកៗ និងពិសេសមួយចំនួនទៀតរួមមាន ផ្ទាំងទស្សនីយភាព នៃសិល្បៈរបាំខ្មែរ ព្រមទាំងការតាំងពិព័រណ៌បង្ហាញ របស់សហគ្រិនឆ្នើម ដែលបានចូលរួមប្រកួត ក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាផងដែរ។
សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) នឹងជ្រើសរើសសហ គ្រិនឆ្នើមចំនួន៥រូប ដើម្បីមានឱកាសក្លាយទៅជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេង ប្រចាំឆ្នាំ២០១៩ ដែលក្នុងនោះដែលមានដូចជា៖
ពានរង្វាន់សហគ្រិនឆ្នេីមប្រចាំឆ្នាំ លោកឧកញ៉ា នួន រិទ្ធី, Khmer Foundation Appraisal Co.,Ltd។ពានរង្វាន់សង្គម លោកឆន គឹមពិជេជ្ឋ,Mekong Valley Co., Ltd។ពានរង្វាន់សហគ្រិនឆ្នេីមបច្ចេកវិទ្យា លោក ប៊ុន ផាក , Camazoon Co., Ltd។ពានរង្វាន់សហគ្រិនឆ្នេីមស្រ្តី អ្នកនាង ឃុន ពិសី, Career Finder ពាន រង្វាន់សហគ្រិនឆ្នេីមអាជីវកម្មចាប់ផ្ដេីមថ្មី លោកឡុង សុភ័ក្រ្ត, Sopheaklong Supplier Co., Ltd។
សម្រាប់សហគ្រិនទាំង៥រូប គឺជាបេក្ខជនដែលមានសមត្ថភាព ក្នុងការវិវត្តន៍មុខជំនួញ ឲ្យមានការរីក ចម្រើនលឿន នៅក្នុងរយៈពេលខ្លី មានភាពច្នៃប្រឌិតខ្ពស់ ក្នុងការប្រកបអាជីវកម្ម ព្រមទាំងមានការវាយតម្លៃ យ៉ាងសុក្រឹតជាទីបំផុត ពីខាងគណៈកម្មការដោយផ្អែក ទៅលើលក្ខខ័ណ្ឌនៃការប្រកួតផងដែរ។
សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី៥ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានេះឡើង ហើយកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហ គ្រិនវ័យក្មេងកម្ពុជា ឲ្យមានឱកាសចូលរួមបង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិផងដែរ ៕ ដោយ វឌ្ឍនា