លិខិតមិត្តអ្នកអាន៖ បើកូនអ្នកសួរ ឆ្លើយយ៉ាងម៉េច?

ចែករំលែក៖

ខ្ញុំមិនសូវមានពេលទំនេរមើលទូរទស្សន៍ប៉ុន្មានទេ ។ កាលពីយប់ម្សិលមិញ កូនប្រុសរបស់ខ្ញុំអាយុ៩ឆ្នាំ ដែលកំពុងមើលទូរទស្សន៍ស្រែកសួរខ្ញុំថា «ពុក! ពុក! អាផ្សាយពាណិជ្ជកម្មនេះ ស្អីគេ?» ។ ខ្ញុំក៏មិនដឹងថា គេផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ពីរឿងអ្វីនោះដែរ ។ ពេលនោះកូនរបស់ខ្ញុំ អូសខ្ញុំឲ្យទៅអង្គុយចាំមើលការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ ។ តាមការតាមដានឃើញការផ្សាយពាណិជ្ជកម្មស្រោមអនាម័យ Number One ។ ចប់ការផ្សាយពាណិជ្ជកម្ម កូនប្រុសរបស់ខ្ញុំ សួរថា «អាហ្នឹងស្អីគេ?» ក្នុងពេលដែល ពាណិជ្ជកម្មនោះបានបញ្ជាក់លម្អិតអំពីប្រភេទស្រោមអនាម័យ Number One នោះទៀតផង ។ ខ្ញុំមិនដឹងឆ្លើយប្រាប់កូនយ៉ាងម៉េច? ចុះបើលោកអ្នកវិញ ឆ្លើយតបប្រាប់កូនយ៉ាងដូចម្តេច បើសិនពួកគេសួរសំណួរដូចកូនប្រុសរបស់ខ្ញុំ ។

សម្រាប់ខ្ញុំបាទយល់ឃើញដូចពាក្យសម័យនិយមគេតែងតែនិយាយថា «លើសហើយ» ។ មិនដឹងថា តើវាជារឿងធម្មតាសម្រាប់ការផ្សាយពាណិជ្ជកម្ម ឬយ៉ាងណានោះទេ ប៉ុន្តែសម្រាប់ខ្ញុំបាទ គិតថា ដូចជាមិនសម ។ វាហាក់ដូចជាទូលំទូលាយជ្រុលពេកហើយ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះ ។ ពោលគឺវាពិបាកឆ្លើយតបរ៉ៃរ៉ាប់លម្អិតប្រាប់កូននៅពេលដែលពួកគេសួរអំពីបញ្ហានេះ ។ ឬមួយគិតថា ការផ្សាយនេះសម្រាប់ឲ្យតែមនុស្សចាស់មើល ។ បើអះអាងថា យ៉ាងដូច្នេះ ខ្ញុំបាទគិតថា មិនគួរឲ្យក្មេងៗមើលទូរទស្សន៍នោះឡើយ ។ ជួនកាលគេផ្សាយនៅម៉ោង៧យប់ក៏មាន ពោលគឺកូនខ្ញុំថា គេផ្សាយរាល់ថ្ងៃ ហើយគាត់មិនយល់ មិនដឹងថា ជាស្អី ទើបសួរចាស់ៗ ។ តើការផ្សព្វផ្សាយបែបនេះ ជះឥទ្ធិពលបែបណាសម្រាប់ក្មេងៗតូចៗ ឬគិតថា វាជារឿងធម្មតា ដែលមនុស្សគ្រប់រូប រាប់ទាំងក្មេងៗតូចៗអាយុមិនដល់១០ឆ្នាំ ក៏ត្រូវស្វែងយល់ ឬចេះដឹងអំពីបញ្ហាស្រោមអនាម័យនេះដែរ ។

នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនោះទៀតសោត បានលម្អិតអំពីប្រភេទនៃស្រោមអនាម័យ ដែលធ្វើឲ្យក្មេងៗមានចម្ងល់ ហើយចាំបាច់ត្រូវតែមានការបកស្រាយ ឬពន្យល់ឲ្យច្បាស់លាស់ពីចាស់ទុំ ឬអ្នកចេះដឹងលើសពួកខ្លួន ។ មិនដឹងថា កូនចៅប្រជាពលរដ្ឋដទៃទៀត មិនយល់ចំពោះពាណិជ្ជកម្មរបស់ស្រោមអនាម័យ Number One នោះដែរឬយ៉ាងណាទេ? ឬឆ្ងល់តែកូនខ្ញុំ? ប៉ុន្តែខ្ញុំគិតថា ក្មេងមិនលើសមិនខ្វះគ្នាទេ អំពីបញ្ហាចម្ងល់នៅពេលពួកគេឃើញអ្វីមួយ ។ ចុះទម្រាំនៅលើកញ្ចក់ទូរទស្សន៍គេផ្សាយកោកៗ អំពីបញ្ហាស្រោមអនាម័យ Number One មានច្រើនជម្រើស តើក្មេងណាមិនចាប់អារម្មណ៍ ។ ចាប់អារម្មណ៍ក៏ព្រោះតែស្មានថា វាជានំចំណីសម្រាប់ពួកគេបរិភោគ ។ បញ្ហានេះ គួរតែមានដំណោះស្រាយសម្រាប់ការផ្សព្វផ្សាយ ដែលវាជះឥទ្ធិពលមិនល្អសម្រាប់ក្មេងៗ ។

សម្រាប់ខ្ញុំបាទយល់ឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ស្រោមអនាម័យ Number One នៅពេលនេះ ជះឥទ្ធិពលអវិជ្ជមានសម្រាប់ក្មេងៗទៅវិញទេ ។ ប៉ុន្តែប្រសិនបើស្ថាប័នមានសមត្ថកិច្ច ជាពិសេសអ្នកផលិតស្រោមអនាម័យ Number One យល់ថា វាផ្តល់លទ្ធផលវិជ្ជមានសម្រាប់ក្មេងៗក្រោមអាយុ១០ឆ្នាំ ឬក្រោម១៥ឆ្នាំ ត្រូវស្វែងយល់ទុកឲ្យហើយនោះ ដូច្នេះ សូមបន្តផ្សព្វផ្សាយទៀតចុះ ដោយខ្ញុំបាទ គ្រាន់តែបិទប៉ុស្តិ៍ទូរទស្សន៍ដែលមានការផ្សព្វផ្សាយអំពីស្រោមអនាម័យនេះ មិនឲ្យកូនៗមើលតទៅទៀតតែប៉ុណ្ណោះ ពោលគឺត្រូវដាក់ផែនការរិតត្បិតចំពោះការមើលទូរទស្សន៍ ចំពោះប៉ុស្តិ៍ណាដែលមានការផ្សព្វផ្សាយអំពីស្រោមអនាម័យនេះ ។ ជាមួយគ្នានេះ ក្រសួងស្ថាប័ន ពាក់ព័ន្ធគួរសិក្សាមើលថា វាប៉ះពាល់ចំពោះក្មេងៗឬទេ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មស្រោមអនាម័យ Number One នេះ ៕

...

ពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print